(ភ្នំពេញ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងមូលដ្ឋានខណ្ឌមានជ័យ ចំនួន ២៥០ នាក់»។

ពិធីនេះ មានការចូលរួមផងដែរដោយ លោក ហែម ដារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ក្នុងខណ្ឌមានជ័យ លោក-លោកស្រី ជាសមាជិក-សមាជិកា និងមន្រ្តីគណបក្ស។

លោក នួន ផារ័ត្ន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់និយាយជារួម និងនិយាយដោយឡែក បងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចំនួន ២៥០ នាក់ ដែលមានវត្តមានក្នុងពិធីសំណេះសំណាលដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ដែលតែងតែផ្តល់ជំនឿចិត្ត និងបន្តគាំទ្រដល់គណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនេះ លោក នួន ផារ័ត្ន បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, អំពីតម្លៃដ៏មហាសាលនៃសន្តិភាព ជាពិសេសសមត្ថភាព និងសមិទ្ធផល នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាំទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ផងដែរ ដែលកាលពីថ្ងៃទី៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមលើឆាកជាតិ និងអន្តរជាតិ ដោយសារការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយបរិយាកាសរីករាយ អធិកអធម ក្នុងស្មារតីជាតិនិយមខ្ពស់ និងពោរពេញដោយក្តីមោទកភាពបំផុត ហើយនៅពេលខាងមុខកម្ពុជានឹងបន្តធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកបដោយភាពជោគជ័យបន្តទៀត។

ក្នុងឱកាសនៃពិធី សកម្មជនយុវជនគណបក្សទាំង ២៥០នាក់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងរីករាយឥតឧបមារ ដោយបានទទួលផលពីភាពជោគជ័យក្នុងការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ជាពិសេសការដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់លើបញ្ហាដែលបានកើតឡើង តួយ៉ាងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ ដែលបង្កើតបានជាភាពស៊ាំសហគមន៍ដ៏រឹងមាំ និងបានដាក់ចេញនូវវិធានការអន្តរាគមន៍ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច ទន្ទឹមគ្នានឹងការអនុវត្តវិធានការជំនួយសង្គម តាមរយៈការបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ដែលមិនធ្លាប់មានឡើយក្នុងសង្គមកម្ពុជា នាពេលកន្លងមក និង បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងពិធីនេះ ក៏មានចែកជាអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយ ថវិកាក្នុងម្នាក់ៗ ចំនួន ២០,០០០រៀល ផងដែរ ៕