(ភ្នំពេញ)៖ លោក គៀន ពន្លក ដែលជាអតីតអ្នកគាំទ្របក្សប្រឆាំង បានប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធចោលបណ្ដឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។

ទីប្រឹក្សាក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអង្គការគ្រូបង្រៀនដើម្បីសន្តិភាព និងប្រជាធិបតេយ្យរូបនេះ ថ្លែងថា ការអនុម័តរបស់គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់បក្ស ដោយសារតែមិនបានបំពេញគ្រប់លក្ខខណ្ឌដោយផ្ទុយពីច្បាប់។ កថាខណ្ឌទី២ នៃមាត្រាទី២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា ដើម្បីចុះបញ្ជីគណបក្ស នយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យ សុំចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោតតាមបែបបទកំណត់ដោយ(គជប) មក (គជប) យ៉ាងយូរ៧០ថ្ងៃមុនថ្ងៃបោះឆ្នោត ដោយ ភ្ជាប់ជាមួយនូវ ឯកសារចំនួន១០ប្រភេទ ដែលប្រភេទទី១ សេចក្តីបញ្ជាក់នីត្យានុកូលកម្ម ពីការចុះបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ ០១ ច្បាប់ និងប្រភេទទី២ ដែលមានជាបន្តបន្ទាប់ទៀត ។

ជាក់ស្តែងអស់រយៈពេលកន្លងមកនេះ គណបក្សភ្លើងទៀន មានចេតនា ឬអចនា ពុំបាននាំយកប្រកាសរបស់ ក្រសួង ស្តីពីការចុះបញ្ជីគណបក្សច្បាប់ដើមយកមកធ្វើនីត្យានុកូលកម្ម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (សេចក្ដីចម្លងលិខិត បញ្ជាក់) នោះទេ ផ្ទុយទៅវិញ គណបក្សភ្លើងទៀន បាននាំយកតែ ស.ជ.ណ ដែលជាសេចក្តីជូនដំណឹងរបស់ក្រសួង គ្រាន់តែជាការទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំបក្ស យកមកធ្វើបញ្ជាក់ជាមួយ(គជប) ដែលផ្ទុយពីបណ្ដាគណបក្សដ៏ទៃ គេបានបំពេញបែបបទយ៉ាងល្អខ្ជាប់ខ្ជួន ។

លោកសូមអំពាវនាវឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការ សេច ក្តីសម្រេចរបស់ គជប ស្តីពីការបដិសេធ ការចុះបញ្ជីឈរឈ្មោះគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ និងសមាជិក សមាជិកា គណបក្សភ្លើងទៀន មេត្តាជ្រាប និង សូមកុំមានការកែនប្រមូលផ្តុំគ្នីគ្នាណាមួយ ដើម្បីបង្កើតជាក្រុមពូនជាបក្ស សាងព្រឹត្តិការណ៍ កូដកម្ម ឬបាតុកម្ម ណាមួយដែលផ្ទុយពីផ្លូវច្បាប់ ដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល សេដ្ឋកិច្ច ហើយអាចនាំអោយមានទោសទណ្ឌដល់ខ្លួនថែមទៀត។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយការសម្រេចនេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ៕