(សៀមរាប)៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានគ្រប់រូបភាពទៅលើការរំលោភបំពានកុមារតាមអនឡាញ។

លោកស្រី យូ សុភា​ បានលេីកឡេីងដូចនេះ​ ក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ.សរ)។

លោកស្រី យូ សុភា ក៏បានលើកឡើងពីស្ថានភាពទូទៅក្នុងខេត្តពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគ្រស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច លើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជា ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជាសេវាកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ការងារតាមហាងបៀរហ្គាដិន រូបភាពភ្ជាប់ពាក្យឬអាពាហ៏ពិពាហ៏នាំស្ត្រីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ តែក្នុងគោលបំណងរកគូស្រករឬលក់កម្លាំងពលកម្ម ឬកេងប្រវ័ញ្ចផ្លូវភេទ និងសុំទាន ជាដើម។

ជាមួយនេះដែរលោកស្រីជំរុញដល់អាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ច និងអង្គការដៃគូនានា បន្តយកចិត្តទុកដាក់ពិនិត្យតាមដានគ្រប់រូបភាពទៅលើការរំលោភបំពានកុមារតាមអនឡាញដោយប្រើទូរស័ព្ទ ហេតុនេះទាមទារឱ្យគ្រប់ភាគីនៃក្រុមការងារ គ.ខ.ប.ជ បង្កើនកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បី ការពារ ទប់ស្កាត់ ករណីរំលោភ បំពារបំពានលើកុមារតាមគ្រប់រូបភាពនៃប្រព័ន្ឋអនឡាញ តាមរយៈការផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ពីព្រោះ បច្ចុប្បន្នជាសម័យរីកចម្រើនខាងប្រព័ន្ឋព័ត៌មានវិទ្យា ហើយកុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូងត្រូវបន្តវេនក្នុងការរួមចំណែកកសាងប្រទេសជាតិនាពេលអនាគតដ៏មានសារៈសំខាន់ផងដែរ។

សូមជម្រាបដែរថា​ អង្គប្រជុំនេះដែរបានធ្វើការពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដោយការរត់ពន្ឋមនុស្ស និងការជួញដូរមនុស្សឆ្លងដែនផងដែរ។

អង្គប្រជុំនេះដែរក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយសារការរត់ពន្ធឆ្លងដែន។ សរុបជារួមនៅក្នុងខែឧសភាឆ្នាំ២០២៣នេះ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅ ភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ដោយមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តនៃបណ្តាមន្ទីរអង្គភាព អង្កការពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ៕