(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់។ កម្មករ និយោជិតទាំងអស់នេះ មកពីរោង​ចក្រ ម៉ាវ៉ល ហ្កាមិន (Mar​vel Garment) មានកម្មករ និយោជិត ១៦,០០០នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោ​ជិតចំនួន ១,៥០០នាក់។

ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រ​ធាន​ក្រុមប្រឹក្សាភិបាល។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​ថា ជំនួបសំណេះសំណាលនៅថ្ងៃនេះ ជាជំនួបលើកទី៧ហើយ នៅតំបន់សេដ្ឋ​កិច្ច​​ពិសេសនេះ។

បើតាមលោក អ៉ិត សំហេង បានឱ្យដឹងថា រោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Gar​me​nt) ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ៥១ហិកតា ដើមទុនវិនិយោគ ២៥០​លានដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសំលៀកបំពាក់ អាវរងារ និង​ខោកីឡា ម៉ាកល្បីៗគឺ ណៃគី (NIKE), ប៉ូឡូ (POLO), លូលូឡេម៉ុន (LULU​LE​MON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអ៉ឺរ៉ុប។ បរិមាណនាំចេញមាន ៤២,៩៥២,០២៨កំផ្លេ ក្នុងមួយឆ្នាំ ទំហំទឹកប្រាក់នាំចេញមានចំនួនប្រមាណ ៤២៧,៦៣១,០១៣ដុល្លារ ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីបន្តថា រោងចក្រ បានអនុវត្តប្រកបដោយអនុលោម​ភាពតាមច្បាប់​ស្តីពី​ការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: និងបានផ្តល់ជូននូវអត្ថប្រយោជន៍​ជូនកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ដុល្លាអាម៉េរិក ទៅ ៦៩០ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាម៉េរិក ប្រាក់សោហ៊ុយធ្វើដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និង​ប្រាក់​ឧបត្ថម្ភ ១០ដុល្លារអាម៉េរិក។

លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេ​ញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមាន​ឈ្មោះ​ថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះ​មកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោង​ចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោង​ចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ​ បានកើន​ដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។

ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និង​គ្រឿង​បង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិត​ផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះ​ពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិត​ផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជ​នី​យដ្ឋាន ។ល៕