(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដផ្ដល់អំណោយមនុស្សធម៌ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា។ វ៉ាក់សាំងនេះ ត្រូវបានដឹកបញ្ជូនតាមយន្ដហោះពិសេសចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

គណៈប្រតិភូកម្ពុជាដែលនាំយកវ៉ាក់សាំងផ្ដល់ជូនមីយ៉ាន់ម៉ានៅពេលនេះ ដឹកនាំដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខាបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។

តាមរយៈការផ្ដល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃណី។

គួរជម្រាបថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ដល់អំណោយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារៈវេជ្ជសាស្ដ្រ ជូនដល់បណ្ដាប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន៖

១៖ ឡាវ ចំនួន៤លើក
*ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយម៉ាស២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន១២មុខ
*ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់ឡាវ
*ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ជំនួយថវិកា១៣លានដុល្លារ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង
*ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ផ្ដល់អំណោយរថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿង

២៖ មីយ៉ាន់ម៉ា នេះជាលើកទី៤៖
*ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
*ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម៉ាស ៣លាន និងបរិក្ខារពេទ្យមួយចំនួន (ឧបករណ៍តេស្ដរហ័ស, សំលៀកបំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម)។
*ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត (ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា)
*ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វ៉ាក់សាំង ១លានដូស និងរួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង១លានដើម

៣៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ (ទីម័រខាងកើត) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០៖ ម៉ាសចំនួនជាង១លាន និងបរិក្ខារពេទ្យចំនួន១២មុខ
៤៖ នេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១៖ អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
៥៖ វៀតណាម ចំនួន២លើក
*ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយថវិកា និងម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង
*ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស

លោកស្រី យក់ សម្បត្តិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា វ៉ាក់សាំងនៅឃ្លាំងឱសថកណ្ដាល គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សរុបចំនួន ៥,៣៩៥,៨៤៤ដូស៕