(ដំរីផុង-ឆ្លូង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សក្នុងភូមិទាំង១១ នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដំរីផុង ស្ថិតនៅក្នុងភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង៨ក្នុងស្រុកឆ្លូង ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក និងឃុំ គណៈកម្មាធិការគណបក្សឃុំ គណៈសាខាបក្សភូមិទាំង១១ ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំដំរីផុង សរុបមានអ្នកចូលរួមប្រមាណជិត ៧០០នាក់។

បន្ទាប់ពីលោកស្រី ដួង លីមហ៊ាង ប្រធានគណៈកម្មាធិការគណបក្សឃុំដំរីផុង បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយរំលឹកពីតួនាទីដ៏សំខាន់របស់ប្រធាន អនុប្រធានក្រុមបក្សនៅតាមមូលដ្ឋាននីមួយៗ ក្នុងការគ្រប់គ្រងសមាជិក រួមសុខ រួមទុក្ខជាមួយសមាជិក លើកទឹកចិត្តសមាជិកទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី ព្រុំ សុខា ថ្លែងបញ្ជាក់សង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជាម្ចាស់ឆ្នោតត្រូវមានកាតព្វកិច្ចត្រូវបោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយូរអង្វែងជាបន្តទៅទៀត។

ទន្ទឹមនោះ ត្រូវចូលរួមបន្តយ៉ាងសកម្មគាំទ្រចលនាប្រជាជននៅទូទាំងប្រទេសក្រោមមគ្គុទ្ទេសភាពដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩នាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ហើយបាននិងកំពុងបង្កើតសមិទ្ធផលធំធេង តាមរយៈជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ និងការបង្កើតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម SEA GAME) ដ៏មហស្ចារ្យនៅរាជធានីភ្នំពេញ ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ ដើម្បីប្រែក្លាយមនុញ្ញផលនៃស្នាដៃជាប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នានេះ ឱ្យទៅជាកម្លាំងចលករ ជំរុញខ្លាំងក្លាឧត្តមភាព ប្រៀបឈ្នះក្រោមម្លប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសព្វទិសទីរបស់គណបក្សយើង ឈានឆ្ពោះទៅដណ្តើមជ័យជំនះទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីអនាគតដ៍រុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ៕