(ភ្នំពេញ)៖ អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ារួចរាល់ហើយ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នាទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

ពិធីប្រគល់ និងទទួលនេះ ភាគីកម្ពុជាតំណាងដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសុខាភិបាល និងភាគីមីយ៉ាន់ម៉ា តំណាងដោយលោក Aya Tun អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា។ ពិធីនេះ ក៏មានការផ្សាយផ្ទាល់នៅលើបណ្ដាញទូរទស្សន៍ព័ត៌មាន Fresh News ពីទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ការបន្ដផ្ដល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នៅពេលនេះ គឹជាកាយវិការមនុស្សធម៌សុទ្ធសាត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយ។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយសន្យាថា នឹងយកវ៉ាក់សាំងនេះប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបម្រើឲ្យការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខាបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។

តាមរយៈការផ្ដល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃណី។

គួរជម្រាបថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ដល់អំណោយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារៈវេជ្ជសាស្ដ្រ ជូនដល់បណ្ដាប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន៖

១៖ ឡាវ ចំនួន៤លើក
*ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយម៉ាស២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន១២មុខ
*ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់ឡាវ
*ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ជំនួយថវិកា១៣លានដុល្លារ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង
*ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ផ្ដល់អំណោយរថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿង

២៖ មីយ៉ាន់ម៉ា នេះជាលើកទី៤៖
*ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
*ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម៉ាស ៣លាន និងបរិក្ខារពេទ្យមួយចំនួន (ឧបករណ៍តេស្ដរហ័ស, សំលៀកបំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម)។
*ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត (ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា)
*ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វ៉ាក់សាំង ១លានដូស និងរួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង១លានដើម

៣៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ (ទីម័រខាងកើត) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០៖ ម៉ាសចំនួនជាង១លាន និងបរិក្ខារពេទ្យចំនួន១២មុខ
៤៖ នេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១៖ អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
៥៖ វៀតណាម ចំនួន២លើក
*ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយថវិកា និងម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង
*ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស៕