(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ដែលមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បាននោះ ជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធមកដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវជំនឿថា ឯកសារចុះបញ្ជីច្បាប់ដើមនោះ ម្ចាស់ជានៅជាមួយថ្នាក់ដឹកនាំ ណាម្នាក់របស់គណបក្សភ្លើងទៀន ហើយសម្ដេចមិនជឿថាគ្រាន់តែសំបុត្រកំណើតមួយ គេធ្វើឲ្យបាត់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថាបាត់នោះទេ។ វានៅជាមួយនរណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាចាញ់ ប៉ុន្ដែអ្វីដែលគេចង់បាន គឺគេយកបរទេសមកគៀបកម្ពុជា។ វាមិនដែលគ្រាន់តែបញ្ជីជាតិមួយសន្លឹក ធ្វើឲ្យបាត់នោះទេ [...] ខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឲ្យបាត់ គោលដៅរបស់គេចង់ ឲ្យមានការប្រឈមជាមួយបរទេសខ្លះដែលស្រលាញ់ពួកគេតិះតៀនរាជរដ្ឋាភិបាល»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ទៀតថា កន្លងទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សមួយនេះអាចចុះឈ្មោះបានដោយសារគេអនុញ្ញាតឲ្យប្រើប្រាស់ច្បាប់ចម្លង ព្រោះឃុំសង្កាត់មានច្រើន រហូតដល់ជាង១ពាន់ឃុំសង្កាត់ឯណោះ ម្ល៉េះមិនអាចមានច្បាប់ដើមរហូតដល់ជាង១ពាន់ឃុំសង្កាត់នោះទេ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ប្រសិនបើអ្នកដឹកនាំទាំងអស់របស់គណបក្សនេះនៅក្នុងស្រុក សម្ដេចចង់ឲ្យដាក់កម្លាំងសមត្ថកិច្ចដើម្បីឆែកឆេរតែម្ដង ច្បាស់ជារកឃើញមិនខានឡើយ។ សម្ដេចបានចាត់ទុកថា ទង្វើរបស់មេដឹកនាំគណបក្សភ្លើងទៀន ជាអំពើថោកទាប ដែលបង្កើតរឿងឡើយ។

គួរជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង​ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហា​សាមគ្គី​ជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិន​បានបំពេញឱ្យគ្រប់លក្ខ​ខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួល​ស្គាល់​ជា​ផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕