(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញដល់ភាគីពាក់ព័ន្ធប្រឹងប្រែងដោះស្រាយទំនាស់ ដែលបានកើតឡើងរវាងកម្មករ និងនិយោជក ឱ្យបានលឿន ចៀសវាងឱ្យកម្មករបាត់បង់ផលប្រយោជន៍។

ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីមានវិវាទកើតឡើងរវាងថៅកែរោងចក្រ និងកម្មករ ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព ម្ចាស់រោងចក្រ និងអាជ្ញាធរមូលដ្ឋាន ត្រូវរកដំណោះស្រាយឱ្យលឿន កុំចិញ្ចឹមទំនាស់ទុក។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនជាមានករណីវិវាទ ត្រូវដោះស្រាយឱ្យបានឆាប់ កុំទុកយូរ កុំចិញ្ចឹមទំនាស់ សហជីពជាមួយម្ចាស់រោងចក្រ តំណាងកម្មករ ត្រូវខិតខំដោះស្រាយ ដោយមានការចូលរួម ពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយឱ្យស្រូត។ មានតែគោលការណ៍ឈ្នះឈ្នះប៉ុណ្ណោះ ដែលអាចដោះស្រាយបាន ហើយចៀសវាងទៅតាមផ្លូវតុលាការ»

សម្តេចតេជោមានប្រសាសន៍បែបនេះ ដោយសារកន្លងមក មានបញ្ហាចំនួនដែលតែងតែកើតមានឡើងនៅតាមបណ្តារោងចក្រនានា រួមទាំងករណីម្ចាស់រោងចក្ររត់ចោលជាដើម ដែលធ្វើឱ្យកម្មករ-កម្មការិនីបាត់បង់ផលប្រយោជន៍។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានធ្វើបុរេបទានលុយទៅឱ្យក្រសួងការងារ ដើម្បីដោះស្រាយទៅឱ្យកម្មករ-កម្មការិនី។

សម្តេចតេជោមានប្រសាសន៍ថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវក្លាយជាសហគមន៍សុខសាន្ត ហើយនិយោជក និងកម្មករ ត្រូវសាមគ្គីយោគយល់អធ្យាស្រ័យគ្នា ដោយយកច្បាប់ និងបទដ្ឋានទាំងអស់ធ្វើជាគោល។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ យោគយល់ចំពោះកម្មករ-កម្មការិនី និងគិតគូរអំពីសុខទុក្ខកម្មករ ព្រោះនៅពេលដែលកម្មករមានសុខភាពល្អ កម្មករនឹងធ្វើការងារផ្តល់ទិន្នផលខ្ពស់។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានជំរុញ និងលើកទឹកចិត្តដល់បណ្តាម្ចាស់រោងចក្រទាំងអស់ យកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលបន្ថែមដល់កម្មករ កម្មការិនី ដើម្បីបង្កើនជំនាញកាន់តែខ្ពស់ ខណៈផលិតផលល្បីៗមួយចំនួននៅទីផ្សារអន្តរជាតិ គឺផលិតចេញពីកម្ពុជា៕