(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករនិយោជិត។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ពិធីនេះ ធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ក្រុមប្រឹក្សាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ហ៊ុន សែន មិនមែនជាអ្នកជិះសេះមើលផ្កាទេ ចង់ដឹងសុខទុក្ខកម្មករ និងរបៀបដោះស្រាយបញ្ហា ឲ្យកម្មកររប្រៀបម្ដេចទាំងអស់ ព្រោះនេះជាបញ្ហាសេដ្ឋកិច្ចជាតិ ជាបញ្ហាការងារធ្វើរបស់ពលរដ្ឋ ជាប្រាក់ចំណូលរបស់ពលរដ្ឋ តែយើងត្រូវតែរកវិធីដោះស្រាយ»

សម្ដេចតេជោ បានឲ្យដឹងថា មួយវេទិកាៗ សម្ដេចមិននិយាយហួសហេតុច្រើនពេកទេ ចឹងបានសម្ដេចចង់ឲ្យ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅពេលធ្វើរបាយការណ៍ គប្បីត្រូវបញ្ជាក់ពីការប្រៀបធៀប ពេលគោលការណ៍មុនពេលសម្ដេចមកចុះ លើកទីមួយបានអ្វី ក្រោយការចុះបានអ្វី ដើម្បីបញ្ជាក់ជូនអំពីវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុងដំណាក់កាលចុះលើកទីមួយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ​ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ច្បាស់ណាស់អ្នកខ្លះគេថា លោក ហ៊ុន សែន មកចុះជួបកម្មករវិនយោជិតនេះ ច្បាស់ជាមករកសន្លឹកឆ្នោត គឺយកចំណេញខាងនយោបាយ ប៉ុន្ដែសម្ដេចសូមផ្ដាំត្រឡប់ទៅវិញថា «អាល្ងង់ បើគេធ្វើដើម្បីតែខាត គេមិនដែលធ្វើទេ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ពួកលោកឯងធ្វើ ក៏ដើម្បីតែចំណេញដែរ ឯសម្ដេចធ្វើដើម្បីតែខាតផលប្រយោជន៍កម្មករ ឬផលប្រយោជន៍ប្រទេសជាតិ សម្ដេចមិនធ្វើទេ ប៉ុន្តែអ្វីដែលសម្ដេច កំពុងធ្វើនេះ គឺដើម្បីកូនៗចៅៗ ដើម្បីក្រុមគ្រួសាររបស់អ្នកទាំងឡាយ ដែលសព្វថ្ងៃកំពុងតែពឹងផ្អែក ទៅលើប្រាក់ចំណូលពីកូនៗចៅៗទាំងឡាយនៅទីនេះ។

សូមរំឭកថា កាលពីបេសកកម្មជុំទី១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៧៧លើក ដែលមានកម្មករ/កម្មការិនីចូលរួមប្រមាណជិត១លាននាក់។

ចំពោះអនុសាសន៍ទាំង១០ចំណុច ដែលសម្ដេចតេជោបានដាក់ចេញកាលពីបេសកកម្មជុំទី១នោះ រួមមាន៖
ទី១៖ គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួល២ដងក្នុងមួយខែជូនកម្មករនិយោជិត។
ទី២៖ ផ្ដល់ការពិនិត្យព្យាបាលជំងឺជូនកម្មករនិយោជិតដោយមិនបង់ប្រាក់។
ទី៣៖ នៅពេលកម្មការិនីសម្រាលកូន ត្រូវបើកប្រាក់ឈ្នួល១២០ភាគរយ និងអនុញ្ញាតឲ្យឈប់សម្រាកមាតុភាពរយៈពេល៣ខែ។
ទី៤៖ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន១នាក់ថវិកា៤០ម៉ឺនរៀល កូន២នាក់៨០ម៉ឺនរៀល និងកូន៣នាក់១លាន២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
ទី៥៖ និយោជកត្រូវបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។
ទី៦៖ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
ទី៧៖ ដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន។
ទី៨៖ អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត៦ខែម្តង។
ទី៩៖ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធត្រូវបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក។
ទី១០៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ និងបង្កលក្ខណៈសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕