(ភ្នំពេញ)៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលបានបដិសេធបណ្តឹងរបស់ខ្លួន និងគណបក្សភ្លើងទៀន។

តាមរយៈសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ដូច្នេះថា៖ «គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាសទទួលស្គាល់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រព្រឹត្តធ្វើឡើង នៅថៃ្ងព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ»។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រប តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។

គណបក្សមហាសាមគ្គីជាតិខ្មែរ សូមធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារសំខាន់បំផុតមិន អាចខ្វះបាន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយការសម្រេចនេះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានពន្យល់បន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមបោះ ឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ បាននោះទេ៕