(ភ្នំពេញ)៖ មានករណីក្រពើខាំម្ចាស់កសិដ្ឋានម្នាក់ បណ្តាលឲ្យស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៥៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលបណ្តាញ Fresh News ទទួលបាន, ជនរងគ្រោះ ឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧១ឆ្នាំ អាសយដ្ឋាន ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍ បានឲ្យដឹងទៀតថា មូលហេតុ បណ្តាលមកពីជនរងគ្រោះបានឡើងលើអាងចិញ្ចឹមក្រពើរបស់គាត់ និងបានឃើញមេក្រពើពងក្នុងសំបុករួច ហើយគាត់ក៏បានយកខ្សែទៅទាក់មេក្រពើដែលពងរួចតែម្នាក់ឯង អូសចេញពីសំបុកពង ពេលនោះខ្សែដែលទាក់ក្រពើបានរបូតចេញ ធ្វើឱ្យគាត់បានផ្ងាក្រោយធ្លាក់ចូលទៅក្នុងអាងក្រពើធំ ដែលមានក្រពើចំនួន៩០ មានអាយុ១០ ទៅ១២ឆ្នាំ។ ក្រពើក៏ខាំគាត់តែម្តង។ ពេលនោះគាត់បានស្រែកឱ្យគេជួយដែរ ហើយបានលឺដល់ផ្ទះអ្នកនៅជិតអាងក្រពើ។

បើតាមរបាយការណ៍ដដែល ពេលនោះអ្នកជិតខាងបានរត់ទៅប្រាប់ក្រុមគ្រួសារ ដើម្បីជួយជនរងគ្រោះ។ ក្នុងរយៈពេលនោះក្រពើបានខាំជនរងគ្រោះជាច្រើនកន្លែង មានខាំភ្លៅ ខាំពោះរយៀសអស់ ខាំបំពង់ក និងខាំដៃដាច់ត្រឹមកែងដៃ១ចំហៀង បណ្តាលឲ្យស្លាប់នៅពេលដែលគ្រួសារបងប្អូន លើកគាត់ដាក់លើអាងក្រពើ គាត់ទទូលមរណភាព។

សូមបញ្ជាក់ថា លោក លួន ណាំ ដែលជាជនរងគ្រោះ បានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ១៩៨៥។ បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីកសិកដ្ឋាន ៤៣៥០ម៉ែត្រក្រឡា មាន២១អាង ក្រពើសរុប ៣៥២៤ក្បាល (មេ ៩០៧ក្បាល ឈ្មោល ២១២ ក្បាល ជំទង់ ២៤០៥ក្បាល)៕