(ភ្នំពេញ)៖ កម្ពុជា-ចិន បានរៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា-ចិន»។ រៀបចំវេទិកាវិទ្យាសាស្ត្រនេះធ្វើឡើងរយៈពេល ១ថ្ងៃពេញទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគីនេះមានរយៈពេលជាង២,០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវ ជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពី មួយជំនាន់ទៅមួយជំនាន់ទៀត។

នៅខែមេសា ឆ្នាំ១៩៥៥ លោក ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន និងព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បាន ជួបគ្នានៅក្នុងសន្និសីទអាស៊ី-អាហ្វ្រីក នៅទីក្រុងបានឌុង ដែលប្រការនេះបានក្លាយទៅជាទីចាប់ ផ្តើមថ្មីនៃទំនាក់ទំនងមេត្រីភាព រវាងប្រទេសចិន និងកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសចិន និងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។

ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសចិន និងកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរ មានកិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជា៖ ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ មនុស្សជាតិ ព្រមទាំង កិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបាននូវសមិទ្ធផលយ៉ាងច្រើនសម្បូរទៀតផង។

ថ្លែងក្នុងពិធីបើករៀបចំវេទិកាវិទ្យាសាស្ត្រនេះ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា-ចិន គឺជាប្រទេសជិតខាង ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ បើក្រឡេកទៅមើលទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាពជាលក្ខណៈប្រពៃណីរវាងកម្ពុជា-ចិន ត្រូវបានពូនជ្រំឡើងយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរ ដែលក្លាយជាកំណប់ទ្រព្យដ៏មានតម្លៃសម្រាប់ប្រជាជនបប្រទេសទាំងពីរ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបានរំលឹកថា ​កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ភាគីចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនោះសម្តេច គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានអញ្ជើញបំពេញទស្សនកិច្ច ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ឆ្នាំ២០២៣ សកម្មភាពនេះបានបង្ហាញពីទំនាក់ទំនងកម្រិតខ្ពស់របស់ប្រទេសកម្ពុជា-ចិន យ៉ាងពេញលេញ។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣នេះ និង «ឆ្នាំមិត្តភាពកម្ពុជា-ចិន» គឺជាកាលានុវត្តភាពក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការ «ឆកោណត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្សំគ្នារវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «យុទ្ធសាស្ត្រចតុកោណ»

បើតាមលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជា។ រយៈពេល ៦៥ឆ្នាំ នៃការពុះពារព្យុះភ្លៀងកន្លងមក ទំនាក់ទំនងរវាងចិន-កម្ពុជា បានជម្នះរាល់របាំងឧបសគ្គទាំងឡាយ និងមានភាពកាន់តែរឹងមាំដូចថ្លើមថ្ម ដើមឈើនៃចំណងមិត្តភាពរវាង ចិននិងកម្ពុជាបានដុះលូតលាស់បែកមែកសាខា និងបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅនៅក្នុងក្រអៅបេះដូងប្រជាជនទាំងពីរ បានក្លាយជាទ្រព្យដ៏មានតម្លៃរួមគ្នាសម្រាប់ប្រជាជនទាំងពីរ។

លោកបានបញ្ជាក់ថា រយៈពេល៦៥ឆ្នាំ នៃការជួយគ្នា និងរួមសុខរួមទុក្ខកន្លងមក ចិននិងកម្ពុជា បានផ្ដល់ជំនួយឱ្យគ្នាទៅវិញទៅមក រួមគ្នាទប់ទល់នឹងបញ្ហាលំបាកទាំងឡាយ ជាពិសេសក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ប្រទេសទាំងពីរបានរួបរួមគ្ន ប្រយុទ្ធប្រឆាំងជំងឺវីរុស និងរួមសុខរួមទុក្ខជាមួយគ្នាទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតក្រោយពីឆ្លងកាត់ការញាំញីនៃជំងឺវីរុស។

ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ក្រឡេកទៅមើលអតីតកាលចំណងមិត្តភាពរវាងចិន-កម្ពុជាដែលត្រូវបានបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពត្រចះត្រចង់នាពេលអនាគត គឺទំនាក់ទំនងរវាងចិន-កម្ពុជា នឹងបន្តបញ្ចូលជាកម្លាំងកាន់តែរស់រវើកថ្មីៗឥតឈប់ឈរ។

ចាប់ពីការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ រហូតដល់ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់ពីការដាក់ឱ្យប្រើប្រាស់នូវពហុកីឡដ្ឋាន «ជាតិមរតកតេជោ» រហូតដល់ការរីកស្គុះស្គាយនៃបុប្ផាទំនាក់ទំនងមនុស្សសាស្ត្ររវាងចិន-កម្ពុជា តាមរយៈការជំរុញបន្តសាងសង់រួមគ្នារនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគុណភាពខ្ពស់ «ស្ពានភ្ជាប់បេះដូង» និង «មាគ៌ាសុភមង្គល» កាន់តែច្រើននឹងបន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនទាំងពីរ ហើយទាំង នេះគឺជាសក្ខីភាពដ៏ល្អបំផុតនៃចំណងមិត្តភាពដែកថែបរបស់ប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារវាងចិន-កម្ពុជាឱ្យកាន់តែកក់ក្ដៅ៕