(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តបាត់ដំបង និងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សហការរៀបចំបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់គ្រូគង្វាល និងអ្នកដឹកនាំពួកជំនុំ នៃបណ្តាញគ្រីស្ទបរិស័ទកម្ពុជាសាខាខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយបន្ត។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានស្វាគមន៍ និងរាយការណ៍កន្លងមកយើងបានបណ្តុះបណ្តាលការងារគ្រឿងញៀន នៅខេត្តព្រះសីហនុដល់លោកគ្រូគង្វាល ជំនុំ បាននាំយកចំណេះដឹងទៅផ្សព្វផ្សាយក្នុងសហគមន៍យ៉ាងផុលផុសសំដៅក្រុមគ្រួសារ សហគមន៍ចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន «ស្រលាញ់អ្នកជិតខាងឲ្យដូចស្រឡាញ់ខ្លួនឯង»។

ក្នុងនាម លោក សុខ លូ អភិបាលខេត្ត និងជាប្រធានៈគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ក្នុងឱកាសនោះ លោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលពីបញ្ហាគ្រឿងញៀន ដល់គ្រូគង្វាល ពួកជំនុំ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់បរិស័ទចូលរួមចំណែកកាត់បន្ថយ បញ្ហាគ្រឿងញៀន ក្នុងស្ថានភាពរីករាលដាលកើនឡើងជាសាកលនេះ ហើយប្រជាពលរដ្ឋម្នាក់ ជាអាជ្ញាធរម្នាក់ ដោយប្រកាន់ខ្ជាប់នូវតួនាទី៤ «ការពារខ្លួន ការពារគ្រួសារ ផ្សព្វផ្សាយដល់អ្នកជិតខាង រាយការណ៍បទល្មើសដល់សមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន»។

ក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងសាទរ ចំពោះការរៀបចំកម្មវិធីបណ្តុះបណ្តាលហើយបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ការចូលរួមរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជក់ថា ប្រជាពលរដ្ឋម្នាក់ ជាអាជ្ញាធរម្នាក់ ដោយប្រកាន់ខ្ជាប់នូវតួនាទី៤ «ការពារខ្លួនឯងកុំឲ្យប្រើ និងញៀន, ការពារគ្រួសារកុំឲ្យប្រើ និងញៀន, ផ្សព្វផ្សាយដល់អ្នកជិតខាងកុំឲ្យប្រើ និងញៀនគ្រឿងញៀន និងត្រូវរាយការណ៍រាល់ករណីគ្រឿងញៀនដល់សមត្ថកិច្ច។ ការចូលរួមអនុវត្តទិសស្លោក «បីកុំ មួយរាយការណ៍» គឺ១៖កុំពាក់ព័ន្ធ, ២៖កុំអន្តរាគមន៍, ៣៖កុំលើកលែង និង៤៖ ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ គឺពិតជាអាចកាត់បន្ថយបញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារ និងសហគមន៍បានសុខសាន្ត និងការអភិវឌ្ឍ៕