(ក្រចេះ)៖ លោកស្រី ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសខាកាកបាទក្រហមខេត្តក្រចេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំក្រុមការងារនាំយកអំណោយ សម្ភារ និងថវិកា ប្រគល់ជូនបងប្អូនក្រីក្រ និងសិស្សានុសិស្ស កំពុងរស់នៅក្នុងដីសម្បទានសង្គមកិច្ចមួយកន្លែង មានឈ្មោះថា «ភូមិតេជោសម្បទាន» ស្ថិតក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

អំណោយសម្រាប់ប្រជាពលរដ្ឋ ចំនួន៥៥គ្រួសារ រួមមាន ក្នុងម្នាក់ទទួលបាន អង្ករ១បេ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ី១យួរ, ត្រីខ១យួរ, មុង១, មី១កេស និងថវិកាចំនួន៥ម៉ឺនរៀល ហើយសម្រាប់សិស្សានុសិស្សចំនួន៨០នាក់ ទទួលបានសម្ភារៈសិក្សា១សម្រាប់ និងថវិកា៥ពាន់រៀលក្នុងម្នាក់ និងពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះ លោកស្រី ហឹង ណារី វ៉ា ថន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈតំបន់នេះ ជាតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន តែទោះជាយ៉ាងណាសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខជីវភាពប្រចាំថ្ងៃ និងបានជំរុញឲ្យមានការដោះស្រាយ នូវរាល់បញ្ហានានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា គ្រប់ទីកន្លែង ពីសំណាក់អាជ្ញាធរខេត្ត-ក្រុង-ស្រុក-ឃុំ ដោយមិនត្រូវទុកឲ្យពួកគាត់រស់នៅឯកោនោះទេ ជាពិសសេសមិនត្រូវឲ្យនរណាម្នាក់ស្លាប់ដោយឥតអាហារនោះទេ។

លោកស្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅប្របកដោយភាពស្អាត និងអនាម័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលនឹងអាចកើតមានឡើង និងសូមជួយអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន។ លើសពីនេះ ត្រូវខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំឲ្យបានច្រើន សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យប្រសើឡើង៕