(កំពង់ឆ្នាំង)៖ រថយន្តគិលានសង្គ្រោះបន្ទាន់ ១គ្រឿង មានបំពាក់ទៅដោយសម្ភារៈបរិក្ខារពេទ្យសង្គ្រោះកំប្លេ សម្រាប់ចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់ដល់កងទ័ព និងគ្រួសាររួមនឹងប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយ ឧប្បវហេតុផ្សេងៗ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជារថយន្តពេទ្យទី៥៩ របស់សម្តេចត្រូវនាំទៅប្រគល់ជូនក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងជំនាញការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ និងទទួលរថយន្តនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ, អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និងលោកស្រី និងលោកឧកញ្ញ៉ា សុខ វណ្ណា និងមន្ត្រីអ្នកមុខអ្នកការក្នុងរាជរដ្ឋាភិបាល ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋានជាច្រើនរូប។

បើតាមសេចក្តីរាយការណ៍ពីឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន អគ្គបញ្ជាការ គឺជាមជ្ឈមណ្ឌលមួយដែលមានតួនាទីធ្វើជាសេនាធិការឱ្យអគ្គមេបញ្ជាការ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញកិច្ចការពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ សម្រាប់វិស័យការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

ជំនួសមុខឱ្យនាយទាហាន ដែលជាក្រុមគ្រូពេទ្យក្នុងមជ្ឈមណ្ឌល ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានភស្តុភា ជាន់ខ្ពស់តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ ដែលបានយកចិត្តទុកដាក់គិតគូរដោះស្រាយគ្រប់កាលៈទេសៈ ចំពោះកង្វះខាតនានា របស់កងទ័ពនៅគ្រប់ទីកន្លែង។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា រថយន្តគិលានសង្គ្រោះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់ស្ថាប័នកងទ័ពនៅពេលនេះ គឺជារថយន្តគីលាន សង្គ្រោះទី៥៩ហើយ និងមានបន្តបន្ទាប់ទៀត សម្រាប់ផ្ដល់ជូនដល់អង្គភាពកងទ័ពដទៃៗទៀត ក្នុងការបម្រើឱ្យសកម្មភាពសេវ៉ាសង្គ្រោះបន្ទាន់ គ្រប់គ្រោះមហន្តរាយនានា ដែលកើតមានឡើងជាយថាហេតុ ពិសេសបម្រើឱ្យការដឹកជញ្ជូនសង្គ្រោះបន្ទាន់ សម្រាប់សិក្ខាកាមជាកងទ័ព ដែលកំពុងបំពេញកម្មសិក្សានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជំនាញការពារព្រំដែននេះផ្ទាល់ ទៅកាន់មន្ទីរពេទ្យធំៗរបស់ជាតិ។

អ្នកឧកញ៉ាបណ្ឌិត ក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ពិសេសក្រុមគ្រូពេទ្យផ្ទាល់ ត្រូវយករថយន្តគិលានសង្គ្រោះនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ជាប្រយោជន៍មនុស្សធម៌ សម្រាប់សង្គមជាតិ និងប្រជាជនទាំងមូល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់ក្រុមគ្រូពេទ្យយោធាក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជំនាញការពារព្រំដែន របស់កងយោធពលខេមរភូមិន្ទ សូមប្រើប្រាស់រថយន្តគិលានសង្គ្រោះនេះ ជាប្រយោជន៍លក្ខណៈមនុស្សធម៌ ដោយមិនមានគិតពីកម្រៃ ទាំងកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញមូលដ្ឋានកងទ័ព។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជាតិមានសន្តិភាព ពេញបរិបូណ៌ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នេះក៏ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះពោះក្នុងតម្លៃណាក៏ដោយ យើងជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទត្រូវប្ដូរផ្ដាច់ ដាច់ខាត ការពារឱ្យបានសុខសន្តិភាព ដែលយើងបានមកដោយលំបាកនេះឱ្យបានស្ថេរគង់វង្ស។

នាយកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសន្តិភាព សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមានជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលប្រជាជនកម្ពុជា ទទួលបានដូចបច្ចុប្បន្ន។ «ដើម្បីថែរក្សាបានសមិទ្ធផលជាតិដ៏ឧត្តុង្គឧត្តម កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាសន្តិភាព និងបានបង្ហាញដល់ពិភពលោកឱ្យស្គាល់ពីការពិតនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលពោរពេញដោយការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជំនាញការពារព្រំដែន សូមសំដែងនូវអំណរគុណ និងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ នឹងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទគ្រប់ទីកន្លែង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសញ្ជាក់ថា នេះជារថយន្តគិលានសង្គ្រោះបន្ទាន់ទី៥៩ ហើយ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាពដល់គិលានដ្ឋានគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការរួមចំណែកដើម្បីគាំពារសុខមាលភាពជូនកងទ័ព និងប្រជាជន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកថា រថយន្តគិលានសង្គ្រោះបន្ទាន់ដែលបានផ្ដល់ជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជំនាញការពារព្រំដែន អគ្គបញ្ជាការ នាពេលនេះមិនមែនសម្រាប់បម្រើឱ្យតែសកម្មភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះជាប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានកងទ័ព ទៅកាន់មន្ទីរពេទ្យ ពិសេសការចល័តជួយគាំពារផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងទ័ព គ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងគ្រួសារ រួមនឹងប្រជាពលរដ្ឋផងដែរ ហើយសូមប្រើប្រាស់រថយន្តនេះឱ្យចំគោលដៅជាការងារមនុស្សធម៌៕