(សៀមរាប)៖ ក្នុងពិធីសិក្ខាសាលាឆ្លុះបញ្ចាំងការងារអនុវត្តគម្រោងកុមារជាចម្បងរបស់ អង្គការជំហានដំបូងកម្ពុជា នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ដែលរៀបចំឡើង ដោយអង្គការជំហានដំបូងកម្ពុជា ដោយមានការចូលរួមពីលោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ និងលោក ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ព្រមទាំងលោក លោកស្រី ជាសមាជិកសមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត និងអាជ្ញាធរក្រុង ស្រុក រួមទាំងអង្គការជំហានដំបូងកម្ពុជា ចូលរួមផងដែរ។

យោងតាមរបាយការណ៍របស់លោក ម៉ៅ ប៊ុនហម ប្រធានគម្រោង បានលើកឡើងពីគោលបំណងនៃអង្គសិក្ខាសាលានាពេលនេះ ដើមី្បបង្កើននូវការយល់ដឹងអំពីរបៀបថែរក្សាក្មេងប្រុសឲ្យបានល្អប្រសើរ និងការពារពួកគេ ពីអំពើហិង្សាផ្លូវភេទ និងបង្កើនការស្វែងរកសេវាគាំទ្រ ដល់កុមារដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ រួមបញ្ចូលទាំងក្មេងប្រុសផងដែរ។ ព្រមទាំងដើមី្ប កំណត់ផែនទីសេវាកម្មរបស់អង្គការ ឬស្ថាប័ននានា ក្នុងខេត្តសៀមរាប ដែលធ្វើការដើមី្បគាំទ្រការរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចលើក្មេងប្រុស។ លោកថា អង្គការជំហានដំបូងកម្ពុជា ធ្វើសិក្ខាសាលានេះឡើង ក្នុងគោលដៅលើកកម្ពស់ កិច្ចការពារកុមារ ជាពិសេសកុមារាអាចជៀសផុតពីការរំលោភបំពានផ្លូវភេទ និងទទួលបានការការពារ និង លើកកម្ពស់សិទ្ធិ អំណាច ក្នុងការរស់នៅជាមួយក្រុមគ្រួសារ។

លោកបានបន្តថា ក្នុងគម្រោងទី១(កុមារជាចម្បង) បានធ្វើសកម្មភាពនៅរាជធានីភ្នំពេញ និងខេត្តនានា ហើយក្នុងគម្រោងទី២ (កុមារជាចម្បង) កិច្ចការពារជំនាន់ថ្មី អនុវត្តសកម្មភាពនៅខេត្តសៀមរាប ដោយផ្តោតក្រុមគោលដៅ ទាំងកុមារានិងកុមារី ដែលអនុវត្តសកម្មភាពការងារលើឃុំចំនួន ២៣ និង៤ស្រុក គឺស្រុកស្រីស្នំ ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកអង្គរជុំ។

លោកស្រី ស៊ិន ណម បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយរបស់អង្គការជំហាន ដំបូងកម្ពុជាក្នុងការរួមចំណែកចូលរួម ជាមួយ(គ.ក.ស.ក)ខេត្ត និងបណ្តាមន្ទីរវិស័យក្នុងការផ្តល់សេវាសង្គមកិច្ច និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងលើកុមារ និងជនងាយរងគ្រោះ កន្លងមកនេះ។ សិក្ខាសាលានេះ ក៏ជាការរកធាតុចូល ដើម្បីធ្វើការកែលម្អតម្រង់ទិសបន្ថែមពីបណ្តាមន្ទីរវិស័យជុំវិញខេត្ត និងក្រុង ស្រុក ដើម្បីកំណត់ផែនទីសេវាកម្មដើម្បីឆ្លើយតបដល់កុមារ ជាពិសេសកុមារា ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

លោកស្រីបន្តថា អង្គសិក្ខាសាលាពេលនេះ មានរយៈពេលកន្លះថ្ងៃ យើងនឹងធ្វើការរៀបចំជាក្រុមពិភាក្សា ពាក់ព័ន្ធ កិច្ចការពារកុមារ ជាពិសេសកុមារា និងកុមារងាយរងគ្រោះពីការរំលោភបំពាន អំពើហិង្សាផ្លូវភេទ ដើម្បីឲ្យអ្នកពាក់ព័ន្ធបានលើកឡើងអំពីបញ្ហាក្នុងការអនុវត្តការងារ ដែលសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមមួយចំនួន ដែលកើតមាននៅមូលដ្ឋាន ដើម្បីស្វែងរកសេវាគាំទ្រ និងដោះស្រាយរាល់បញ្ហាប្រឈមទាំងនេះបានទាន់ពេលវេលា។ 

លោកស្រីបានបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ការចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងបានសហការជាមួយវិស័យ ពាក់ព័ន្ធផ្សេងៗ និងសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះស្រ្តី និងកុមារនៅនឹងមូលដ្ឋាន។ 

លោកស្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ-អង្គភាព ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី សមាជិក សមាជិកា (គ.ក.ស.ក) ខេត្ត អង្គការសង្គមស៊ីវិល ដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួន ផ្តល់កិច្ចសហការ និងគាំទ្រសេវាសង្គមកិច្ចដល់កុមាររងគ្រោះ ក្នុងដំបន់គោលដៅ ក្រុង-ស្រុក និងឃុំ-សង្កាត់ ឲ្យបានទាន់ពេលវេលា ស្របតាមសេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ថ្នាក់ជាតិ។

លោកស្រីក៏សង្ឃឹមថា អង្គការជំហានដំបូងកម្ពុជា និងបន្តស្វែងរកមូលនិធិបន្ថែមទៀត ក្នុងការគាំទ្រដល់កុមារងាយរងគ្រោះនៅក្នុងខេត្ត និងបន្តពង្រឹងការសហការជាមួយ (គ.ក.ស.ក)ខេត្ត និងមន្ទីរពាក់ព័ន្ធបន្តទៀត ក្នុងការឆ្លើយតបនៃកិច្ចការពារកុមារថ្នាក់ខេត្តឲ្យការតែមានប្រសិទ្ធភាពបន្ថែមទៀត និងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តតួនាទី ភារកិច្ច នឹងសហការជាមួយអង្គការសង្គម-ស៊ីវិលដែលកំពុងអនុវត្តលើវិស័យកិច្ចការពារស្រ្តី និងកុមារ ដើម្បីឲ្យចរន្តការងារមានភាពប្រទាក់ក្រឡា និងជាធ្លុងមួយកាន់តែប្រសើរឡើង មួយកម្រិតទៀត៕