(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំ​ឡើងជាលើកដំបូងនៅកម្ពុជានោះនឹងចាប់ផ្តើមហើយ។ បើទោះបីឆ្នាំនេះត្រូវរៀបចំឡើង​​នៅកម្ពុជាក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏នៅតែឆ្លៀតពេលជួប​សំណេះ​សំណាលផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ដូចនឹងពេលពួកគេចេញទៅប្រកួតនៅក្រៅប្រទេសនាពេលកន្លងទៅផងដែរ។

នៅរសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា បានឆ្លៀតពេលវេលាដ៏មមាញញឹក ដើម្បីជួបសំណេះសំណាលជាមួយ​ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព។

ខាងក្រោមនេះជាខ្លឹមសារប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកដល់កីឡាករ កីឡាការិនីមានពិការភាពទាំង​អស់ថា ទោះបីសម្តេចពិការភ្នែក តែសម្តេចអាចធ្វើបានរឿងជាច្រើន។ ដូច្នេះកីឡាករ កីឡាការិនីមានពិការភាពទាំងអស់ ក៏នឹងអាចធ្វើបានដូចគ្នា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីហ្គេមនៅកម្ពុជា ចំណាយថវិកាតិចជាងបណ្តា​ប្រទេស​ដទៃ តែទទួលបានលទ្ធផលល្អប្រសើរ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរ្តិ៍ឈ្មោះបានពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺចាយមិនអស់ទេ សម្រាប់កូនចៅជំនាន់ក្រោយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាការិនី ប៊ូ សំណាង ទាញបានទឹកចិត្តពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋពិភពលោក។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតិរច្ឆានមួយក្បាលពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញពីសមិទ្ធផលជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងល្ងង់ណាស់ មិនចេះសម្តែងការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។

*សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងថា កីឡាករ កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អ។

*សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម ឱ្យដូចការប្រកួតស៊ីហ្គេម។

*សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កីឡាករ កីឡាការិនី មិនត្រូវផ្តោតតែលើឈ្នះ និងចាញ់នោះទេ ត្រូវតែគោរពច្បាប់ការប្រកួត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិការភាពរបស់សម្តេច បានក្លាយទៅជាកម្លាំងចិត្តមួយ ឱ្យសម្តេចវាយផ្តួលរំលំខ្មែរក្រហមរហូតបានជោគជ័យ។

*សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំង តើក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ មានបានចែងទេថា ត្រូវតែមានបក្សប្រឆាំង ឬបក្សភ្លើងចន្លុះ?

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់បក្សនយោបាយមួយ មិនមែនបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះឡើយ។

*សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា ជនបរទេសខ្លះ ល្ងង់ដូចគោ តែមកនិយាយជាមួយសម្តេច។

*សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជនបរទេសដែលអង្គុយគងអន្ទាក់ខ្លា សម្តេចមិនផ្តល់ការសន្ទនាជាមួយយូរនោះឡើយ ហើយធ្លាប់បិទមិនឱ្យផ្សព្វផ្សាយថែមទៀតផង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរកកន្លែងទាស់មិនឃើញនោះឡើយ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថែ្លងសំណេះសំណាលនៅវេលាម៉ោង ៥៖១០នាទីរសៀលថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕