(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិប្រកាសគាំទ្រ ចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការបដិសេធចោលបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។

ជាមួយគ្នានេះ សមាគមអ្នកស្រាវជ្រាវវ័យក្មេង សូមអំពាវនាវដល់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មេត្តាអនុវត្តនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ឈប់រាល់អំពើដែលបង្កឱ្យមានភាពវឹកវរ និងចលាចលក្នុងសង្គម។

សមាគមអ្នកស្រាវជ្រាវវ័យក្មេង ចាត់ទុកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក៏បង្ហាញយ៉ាងច្បាស់ដែរថា ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម របស់ប្រទេសជាតិសម្រាប់រយៈពេលយូរអង្វែង។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពី សំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចនេះបានធ្វើឡើង ក្រោយបើកកិច្ចប្រជុំដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្ដឹង ទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ច្បាប់សំខាន់ចំនួនពីរគឺ៖ (ទី១)-គោលការណ៍នៃការបកស្រាយច្បាប់ ដោយម៉ឺងម៉ាត់ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តឱ្យបានត្រឹមត្រូវ (ច្បាប់ គឺជាច្បាប់ ហើយច្បាប់ ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់) និង (ទី២)-គោលការណ៍ស្មើភាពគ្នារវាង គ្រប់គណបក្សនយោបាយ និងគណបក្សនយោបាយចំពោះមុខច្បាប់៕