(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចំណាយថវិកាតិចជាងបណ្ដាញប្រទេសផ្សេងៗ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ តែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ គ្មានកន្លែងទាស់បន្ដិចនោះឡើយ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកាអាចចាយអស់ នៅពេលណាមួយ ប៉ុន្ដែកេរ្តិ៍ឈ្មោះបានពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺចាយមិនអស់នោះទេ ពោលបានបន្សល់ទុកនូវកេរ្ដិ៍ឈ្មោះដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅពេលនេះ ក៏ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ របស់កម្ពុជាត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយគូបផ្សំសមិទ្ធផលពីអតីតកាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ងដូច្នេះថា «យើងចំណាយនេះ ទាបជាងបណ្ដាប្រទេសផ្សេងឆ្ងាយណាស់ ប៉ុន្ដែយើង​បែរជាទទួលលទ្ធផលលើសពីអ្វីដែលជាការគិតទុករបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ ត្រូវបានពង្រឹងយ៉ាងខ្លាំងមូលដ្ឋានប្រកួតកីឡារបស់យើង គឺត្រូវបានរៀបចំមិនមែនសម្រាប់តែស៉ីហ្គេម ឆ្នាំ២០២៣ទេ ខ្ញុំគិតថាអ្វីដែលយើងបានរៀបចំឡើងនេះ គូបផ្សំសមិទ្ធផលពីអតីតកាលយើងនឹងផ្ដល់ទុកឲ្យកូនចៅយើងក្នុងរយៈពេលវែង»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានពន្យល់ថា ផ្នែករឹង គឺត្រូវបានរៀបចំទាន់ល្អ ហើយសម្ដេចជឿថានៅពេលខាងមុខ គឺមូលដ្ឋានសម្រាប់ការប្រកួតនឹងបន្ដការរៀបចំតទៅទៀតទៅតាមការចាំបាច់របស់វា និងការរីកធំធាត់ នៃវិស័យកីឡារបស់យើង។ ផ្នែកទន់ យើងទទួលបានធំណាស់ ដូចដែលសម្ដេចបានគូសបញ្ជាក់ថា លុយកាក់អាចចាយអស់ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់កម្ពុជាចាយមិនអស់ទេ យើងរក្សាទុកឲ្យជាតិយើងឲ្យកូនចៅជំនាន់ក្រោយ យើងរាប់រយឆ្នាំតទៅទៀត។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមទៀតថា ស៉ីហ្គេមនៅកម្ពុជា ចាប់ផ្ដើមពីកំណែទម្រង់ក្នុងចក្ខុវិស័យមួយទាក់ទិននឹងបញ្ហាជំរុញសមាហរណកម្មនៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈការ ដែលយើងធ្វើការដោយនិយាយតាមមួយបែបថា គឺយើងធ្វើដោយមិនគិតលុយលើការចំណាយអ្វីទាំងអស់សម្រាប់អ្នកដែលមកប្រទេសរបស់យើង។ សម្ដេចបន្ដថា ស៉ីហ្គេមនៅប្រទេសកម្ពុជា បានក្លាយទៅជាប្រធានបទនៃការយកចិត្តទុកដាក់របស់សារព័ត៌មានធំៗ រាប់ទាំង CNN, New York Time ជាដើម ដោយផ្សាយបានយ៉ាងល្អពីកម្ពុជា។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួនជាង១១០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះមិនទាន់រាប់បញ្ចូលព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមនោះទេ ដែលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ភ្ជាប់គ្នានេះទាមទារឲ្យមានការចំណាយពី៣០ ទៅ៤០លានដុល្លារបន្ថែមទៀត។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕