(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិការភាពរបស់សម្តេច បានក្លាយទៅជាកម្លាំងចិត្តមួយ ឱ្យសម្តេចវាយផ្តួលរំលំខ្មែរក្រហម រហូតបានជោគជ័យ និងនាំសុខសន្តិភាពពេញលេញជូន ប្រទេសកម្ពុជា និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាជនខ្មែរទូទាំងប្រទេស។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព។

បុរសខ្លាំងរបស់កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ការស៊ូទ្រាំនៃជនពិការវាយ៉ាងម៉េច អ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះបញ្ហាពិការភាព ខ្ញុំក៏ឆ្លងនូវគ្រប់បញ្ហាពិការភាពវាយ៉ាងម៉េច ហើយប្រឹងងើបឈរយ៉ាងម៉េចដើម្បីវ៉ៃផ្តួលរបប ប៉ុល ពត ហើយប្រឹងងើបឈរយ៉ាងដូចម្តេចដើម្បីបន្តរហូតមកដល់ថ្ងៃនេះ...!»

សម្តេចយតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ស្មារតីនៃការស៊ូទ្រាំ គឺអាចជនមានអ្នកពិការមានស្មារតីស៊ូទ្រាំជាងបន្តិច ហើយការពិការភាពវាក៏ជាផ្នែកនៃចិត្តសាស្ត្រសម្រាប់ជម្នះនូវឧបសគ្គនៅចំពោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា៖ «កាលពីចាប់ផ្តល់វ៉ៃអា ពត ថាអញបាត់បង់អ្វីៗទាំងអស់ហើយ ភ្នែកក៏ពិការក៏បាត់ សិទ្ធិសេរីភាពក៏បាត់ ដូច្នេះបើអញបាត់ជីវិតថែមទៀត ក៏វាគ្មានអីលើសពីហ្នឹងដែរ រហូតទីចុងបំផុតសម្តេចវ៉ៃទាល់តែឈ្នះរហូតមកដល់អីឡូវ»

ប្រមុខនៃរាជរដ្ឋាភិបាល បានបន្ថែមថា ការតស៊ូប្តូរផ្តាច់គ្រប់បែបយ៉ាងរបស់សម្តេច ដើម្បីស្រោចស្រង់អាយុជីវិត និងប្រទេសជាតិ ពីរបបខ្មែរក្រហមទាំងខ្លួនពិការភ្នែកម្ខាងដោយគ្មានការរុញរានេះហើយបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋខ្មែររបស់នៅដោយសុខសាន្ត ព្រមទាំងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនាំមកនូវសន្តិភាពជូនមាតុភូមិកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំហើយ បានធ្វើឱ្យកម្ពុជា មានឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានយ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ប្រកប ដោយភាពសុខដុមរមនាក្នុងសង្គមជាតិ។ បច្ចុប្បន្ន បើទោះបីជាប្រទេសជាតិកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ក្តី ប៉ុន្តែ ក៏ត្រូវប្រឈមនឹងឧបសគ្គជាច្រើន ដែលបង្កដោយពួកប្រឆាំងដែលមានមជ្ឈដ្ឋានអមិត្តក្រៅប្រទេសមួយចំនួន នៅពីក្រោយប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ជាពិសេសការប៉ុនប៉ងផ្តួលរំលំតាមរយៈចលនាបដិវត្តន៍ពណ៌ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ និងពីផលប្រយោជន៍ និងបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា។ សកម្មភាពប្រទូស្តរ៉ាយរបស់ពួកគេបានបង្កភាពអនាធិបតេយ្យ ការមិនគោរពច្បាប់ការបែកបាក់ជាតិ និងភាពវឹកវរក្នុងសង្គមដែលនឹងនាំប្រទេសជាតិទៅរកគ្រោះមហន្តរាយជាថ្មីទៀត៕

<