(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានស្មៀនទាំងអស់នៅក្រុងតាខ្មៅ ត្រូវដាក់ចិត្ត ដាក់កាយ ដាក់បេះដូងស្មោះបម្រើប្រជាពលរដ្ឋឲ្យបានល្អ កុំមុខមិនមើល ខ្នងមិនបែដាក់ពលរដ្ឋ កុំធ្វើឲ្យ ពួកគាត់អាក់អន់ស្រពន់ចិត្ត កុំធ្វើឲ្យពួកគាត់ឃ្នើសចិត្ត ខឹងចិត្ត កុំកេះកៀររកលុយរកកាក់ពីពួកគាត់ តែត្រូវបម្រើរាស្ត្រឲ្យបានល្អជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ សំដីពិរោះ អាកប្បកិរិយាល្អដាក់ពួកគាត់ កុំប្រព្រឹត្តល្មើសច្បាប់ដូចស្មៀនសង្កាត់តាខ្មៅ ឲ្យតែខុសច្បាប់ដឹងថាជាប់ពន្ធនាគារមិនខានឡើយ ដូចករណីស្មៀនសង្កាត់តាខ្មៅនោះឥលូវនៅក្នុងពន្ធនាគារនៅឡើយទេ ករណីកិបកេងលុយពីពលរដ្ឋក្រីក្រអំឡុងពេលកូវីដ១៩រាតត្បាត។

លោកអភិបាលខេត្តបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ នៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះ ជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់សង្កាត់កោះអន្លង់ចិន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ ដែលត្រូវបានសម្ពោធនៅពេលនេះ ក្នុងនោះ ១ខ្សែនៅភូមិស្វាយពងអង្ក្រង ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងខ្សែទៀតនៅភូមិកណ្តាលកោះ មានប្រវែង ២៣៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត៕