(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំស្ដីពី កិច្ចសហការ និងវិធានការការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង លោក សែន វ៉ាន់ស៊ីម អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដំ​ណើរកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជជែកពិភាក្សា ប្រមូលធាតុផ្សំ និងណែនាំរំលឹកឡើងវិញអំពីបញ្ហាច្បាប់ ដើម្បីឲ្យគណបក្ស នយោបាយ ទាំងអស់បានរៀបចំកាផែនការធ្វើ​កម្មវិធីរឃោសនារកសម្លេងឆ្នោតរបស់ខ្លួនដាក់ចូលមកគណៈកម្មាការរៀបចំការបោះឆ្នោត រៀបចំបញ្ជូលគ្នានិងពិនិត្យឡើងវិញនូវកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការឃោសនា របស់គណបក្សនយោបាយ ព្រមទាំងបញ្ជូនផែនការឃោសនារបស់គណបក្សនយោបាយទាំងអស់នេះ ទៅកាន់លេខាធិការដ្ឋាននៃគណៈកម្មាការសន្តិសុខ ដើម្បីរៀបចំកម្លាំងជួយការពារសន្តិសុខសណ្តាប់ធ្នាប់ អំឡុងពេលឃោសនាបោះឆ្នោត។

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ​បានបញ្ជាក់ថា ពាក់ព័ន្ធនិងគណបក្សនយោបាយរហូតម ​ដល់ពេលនេះសម្រាប់ខេត្តស្ទឹងត្រែងមានគណបក្សនយោបាយចំនួន១០ ប៉ុណ្ណោះដែលបានចុះបញ្ជីបេក្ខជន ឈរឈ្មោះ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោកបន្ថែមថា ការពិតត្រូវមាន១១គណបក្សនយោបាយដែលបានចុះឈ្មោះ ប៉ុន្តែគណបក្សភ្លើងទៀនត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញតំកល់សេចក្តីសម្រេចរបស់គជប ដូចនេះគណបក្សភ្លើងទៀនមិនអាចចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការបាន។

មានតិចូលរួមក្នុងកិច្ចប្រជុំលោកសែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងថា បណ្តាគណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីបេក្ខជឈរឈ្មោះក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សូមធ្វើយ៉ាងណាមេត្តាចូលរួមថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លោកបន្ថែមថា ជាការពិតណាស់ការបោះឆ្នោតគឺជាការប្រកួតប្រជែង និងតែងតែមានចាញ់មានឈ្នះជារឿងធម្មតា ប៉ុន្តែធ្វើយ៉ាងណាឲ្យឈ្នះចាញ់បានមកប្រកបដោយកិត្តិយស ហើយធ្វើយ៉ាងក្នុងការឃោសនាបោះឆ្នោតនេះ កុំឲ្យមានភាពអានាធិបតេយ្យ និងអសន្តិសុខនៅក្នុងខេត្តរបស់យើង។

គួបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជឈរឈ្មោះក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ រួមមានគណបក្សហ្វុនស៊ីនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរ រួបចរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរតែងមួយ និងគណកប្សធម្មាធិបតេយ្យ៕