(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បើកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារវត្ថុតាងមួយចំនួន នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ សីហា អាយុ៤០ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម, ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620 -ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ) និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា មុនពេលបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានជនសង្ស័យម្នាក់បើកម៉ូតូកង់បីលក់ទឹកភេសជ្ជៈតាមផ្លូវ ហើយបានបន្លំលក់ គ្រឿងញៀន នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកផ្ទាល់ចុះបង្ក្រាបភ្លាមៗ ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។

បន្ទាប់ពីឃាត់ខ្លួន, ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជន សង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀល ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣៕