(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងបូង ព្រះរាជអាជ្ញាអមសាលាតំបូង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការនគរបាល មេឃុំ ប៉ុស្ដិ៍រដ្ឋបាល និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីណែនាំ និងពង្រឹងការងារតាមមន្ទីរអង្គភាព ក្រុងស្រុក ការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការឃោសនា ការបោះឆ្នោតនាពេលខាងមុខ ជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។

លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពក្រុងស្រុកទាំង៧ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ពិសេសបានទប់ស្កាត់នូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ករណីចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ និងករណីក្មេងទំនើងកាប់ចាក់គ្នាជាដើម។

លោកអភិបាលខេត្ត សូមឲ្យគណៈបញ្ជាការក្រុងស្រុកទាំង៧ បន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់ឲ្យបានដាច់ខាតការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ការសង់សំណង់អនាធិបតេយ្យថ្មីៗបន្ថែមទៀតនៅតាមមាត់ស្ទឹង តាមខ្នងប្រឡាយ និងត្រូវសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតជានិច្ច។

មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងមានការថ្នាំងថ្នាក់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលកើតចេញពីអំពើពុករលួយឬបក្ខពួកនិយម។ បន្តបម្រើសេវាសាធារណៈនិងដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋឲ្យបានល្អ ការងារអតីតយុទ្ធជន ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយរបាយការណ៍ត្រូវធ្វើឲ្យបានមុនម៉ោង១៩ ដើម្បីរាយការណ៍បន្តទៅថ្នាក់លើ។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីជំនាញ ត្រូវត្រួតពិនិត្យអាជីវកម្មបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់គ្រប់គោលដៅទាំងអស់ បើមានការអន្តរាគមន៍ត្រូវរាយការណ៍មកខេត្តជាបន្ទាន់។ ត្រូវរួមគ្នាធ្វើឲ្យខេត្តពោធិ៍សាត់ទទួលជោគជ័យ មានការរីកចម្រើន និងមានសោភ័ណភាពស្រស់បំព្រងគ្រប់ទីកន្លែង ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង៕