(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ មានការចែកចាយព្រោងព្រាតតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះអ្នកបើករថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-0265 ដែលបានបង្កបាតុភាពនៅតាមដងផ្លូវ ដោយបើកជ្រែ និងរារាំងគេមិនឲ្យធ្វើដំណើរទៅមុខបាន។

ក្រោយមានការបង្ហោះខ្លឹមសារ និងវីដេអូខាងលើនេះយ៉ាងផុសផុលនៅតាមបណ្តាញសង្គមហ្វេសប៊ុក, នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅបុរសរូបនេះ មកធ្វើការសួរនាំ និងសុំទោសពីកំហុសរបស់ខ្លួន រួចបានឲ្យធ្វើកិច្ចសន្យាអមដោយការធានាពីឪពុក មុនអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា អ្នកបើករថយន្តបង្កបាតុភាពនេះមានឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបើករថយន្តបង្កបាតុភាព តាមដងផ្លូវសាធារណ:ចំនួន២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤៖១០នាទីរសៀល និងម៉ោង ២១៖០០នាទីយប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា «បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានធ្វើការកោះហៅអ្នកបើកបរល្មើសឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»

បើតាមអ្នកនាំពាក្យ, យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា «ល្ងាចមិញ វេលាម៉ោង ៦៖១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូច វីឌីអូនេះកើតឡើង។ ដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណៈ។ ផ្លាកលេខរថយន្តៈ 2BG-0265»។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តទៀតថា ក្រោយសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស​ថា ដោយសារមានខឹងទើបខ្លួនបើកបរដូច្នេះ។ ដោយមានការសារភាពកំហុស និងធានាពីឪពុក សមត្ថកិច្ចបានណែនាំអប់រំ​ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វើដំណើរតាមដងផ្លូវ។

លោកឧត្តមសេនីយ៍ត្រី អំពាវនាវដល់អ្នកបើកបរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វើឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ៕