(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញជាប្រយោជន៍សម្រាប់កម្មករ និយោជិត។

ការណែនាំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្រាប់ជំនួបរវាងសម្តេច និងកម្មករ កម្មការិនីក្នុងជុំទី២ គឺមានគោលដៅជាក់លាក់ក្នុងការពិនិត្យនូវការអនុវត្តន៍អនុសាសន៍ទាំង១០ និងធ្វើការពិនិត្យអំពីអ្វីដែលទទួលបាន មុនពេលជំនួបទី១ និងការទទួលផលដែលបានចេញពីជំនួបទី១ រហូតមកពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការចំណាយកម្លាំងរបស់ដើម្បីចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ។ ប៉ុន្តែបានផ្តល់ផលប្រយោជន៍សម្រាប់កម្មករ។ ឧទាហរណ៍ ក្នុងជំនួបសម្តេចបានសុំឱ្យកម្មការិនី មានផ្ទះពោះបានចេញមុនម៉ោងយ៉ាងតិច១៥នាទី ដើម្បីកាត់បន្ថយផលវិបាកចំពោះស្ត្រីដែលមានផ្ទៃពោះ។ ចំពោះការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោងនេះ ត្រូវបានសម្តេចចាត់ទុកថាមិនមែនជារឿងកំប៉េកកំប៉ុកទេ ព្រោះមនុស្សម្នាក់ជីវិតពីរ ដូច្នេះត្រូវថែទាំពួកគាត់។

សម្តេចតេជោ ហ៊ុន សែន បានណែននាំយ៉ាងដូច្នេះថា៖ «ដែលសុំឱ្យរោងចក្រ សហគ្រាសទាំងអស់ ខិតខំធ្វើការងារទាំងនេះ ហើយអ្វីដែលឯកឧត្តម អ៉ិត សំហេង បានលើកឡើងប្រៀបធៀបអំម្បិញមិញ គឺត្រូវបន្តធ្វើឱ្យបានមិនឱ្យ បានត្រឡប់ទៅវិញ ហើយធ្វើឱ្យបានកាន់ល្អជាងមុនទៅទៀត ដើម្បីធានាថាកម្មករ កម្មការិនី របស់យើងនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាពរបស់យើង...!»

ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការជួបជុំដើម្បីពិនិត្យអំពីវឌ្ឍនភាព និងស្វែងរកដំណោះស្រាយថ្មីៗ គឺជាវិធីសាស្ត្រសម្រាប់ជំរុញប្រទេសឱ្យមានការដើរលឿនទៅមុខដែលទ្រទ្រង់ទៅដោយការផ្សាភ្ជាប់ រវាងការអភិវឌ្ឍលើផ្នែកនានាទាំងវិស័យកសិម្ម ឧស្សាហកម្ម សេវា ហើយផ្សាភ្ជាប់រវាងម្ចាស់រោងចក្រ ជាមួយកម្មករ កម្មការិនី។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវឱ្យយកចិត្តទុកដាក់លើការបំពេញឱ្យគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ ជាមួយកម្មករ កម្មការិនី ហើយរឿងនេះពិតជាសំខាន់ខ្លាំងណាស់ដែលជានិច្ចកាល សម្តេចតែងតែផ្តល់អនុសាសន៍សម្រាប់ក្រសួង ក៏ដូចជាមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ឱ្យពួកគេយកចិត្តទុកដាក់លើបបញ្ហាសុខទុក្ខរបស់កម្មករ កម្មការិនីគ្រប់ៗរូប៕