(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យកម្មករ កម្មការិនី និងនិយោជិតទាំងអស់ ត្រូវតែរួមគ្នាចូលរួមថែរក្សាសុខ សន្ដិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ននេះ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្ដការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើប្រទេសមួយគ្មានសន្ដិភាព ច្បាស់ណាស់នឹងមានការវិនិយោគនោះទេ ព្រោះគេមិនដែលមកវិនិយោគនៅប្រទេសដែលកំពុងមានការបាញ់ប្រហារគ្នានោះឡើយ ដូច្នេះបើគ្មានសន្ដិភាពអ្នកទាំងអស់គ្នា ក៏គ្មានការងារធ្វើដូចពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អំពាវនាវក្មួយៗទាំងអស់ចូលរួមរក្សាសន្ដិភាពឲ្យខាងតែបាន លើការជាក់ស្ដែងយើងបាននិងកំពុងស្ថិតនៅទីនេះដោយសារសន្ដិភាព មិនមែនដោយសារ កើតសង្គ្រាមទេ។ ពេលប្រទេសកើតសង្គ្រាម ដីធ្លី អ្វីៗត្រូវបានបំផ្លេចបំផ្លាញ ប៉ុន្ដែឥលូវយើងបានសាងសង់។ មានតែរក្សាសន្ដិភពឲ្យបាន ទើបមានការអភិវឌ្ឍ»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា អ្នកដែលស្វែងរកសន្ដិភាព គឺជាអ្នកដែលការពារសន្ដិភាព ខណៈអ្នកដែលមិនបានស្វែងគេខិតខំយ៉ាងណាដើម្បីឲ្យតែអស្ថេរភាពក្នុងប្រទេស ដោយមិនបានគិតទៅដល់បញ្ហា ទាក់ទិនអ្នកណាស្លាប់ អ្នកណារស់នៅទេ ពោលគេធ្វើយ៉ាងណាឲ្យបានអំណាចប៉ុណ្ណោះ។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយជាក់ជាមិនខានឡើយ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល តែងតែបានរំលឹកអំពីគុណតម្លៃនៃសន្ដិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយអាចបង្កលក្ខណៈឲ្យដំណើរការអភិវឌ្ឍប្រទេស ប្រារព្ធពិធីផ្សេង និងប្រជាពលរដ្ឋអាចធ្វើអ្វីៗទៅបាន ដោយគ្មានការភ័យខ្លាចទាំងអស់ ខុសពីប្រទេសដែលកំពុងមានសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលនេះ សម្ដេចហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ពិសេសកំចាត់ចោលរាល់ក្រុមបុគ្គលមួយចំនួនតូច ដែលប៉ុនប៉ងបំផ្លាញសន្ដិភាព សម្រាប់ប្រជាជន១៧លាននាក់របស់កម្ពុជា៕