(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងអំពីការព្យាករកម្ពស់ ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣ ដូចខាងក្រោម៖

ទី១៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់

យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុក្នុងតំបន់សម្រាប់ឆ្នាំ២០២៣ រួចមកឃើញថា៖

*ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាមានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពលអែលនីណូ (El Nino) មានត្រឹម ៦០% និងបាតុភូតអែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងបាតុភូតឡានីណា (La Nina)។
*ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ បាតុភូតអែលនីណូ (El Nino) មាន ៨០% និងបាតុភូតអែនសូ (Neutral) មានត្រឹមតែ ២០%។

ផ្អែកតាមការវិវដ្តយ៉ាងរហ័សនៃបាតុភូតអែលនីណូ (El Nino) ក្នុងរយៈពេលចុងក្រោយនេះ បាន ធ្វើឱ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

ទី២៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបមានស្ថានភាពដូចខាងក្រោម៖

*ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ។
*ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៤០ម៉ែត្រ។
*ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។
*រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ។
*ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ប្រមាណតែ ០,០៧ម៉ែត្រ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២៣នេះ នៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រីឯនៅទន្លេបាសាក់ និងបឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។

ទី៣៖ ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣

យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាផងនោះមានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឱ្យទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច។

តាមការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ សម្រាប់ឆ្នាំ២០២៣នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមតែ ៨,៣៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់តូច៕