(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ និងលោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើជាអធិបតីភាពសំណេះសំណាល និងបំពាក់មេដាយជូនអតីតយុទ្ធជន ចំនួន៣០៦នាក់ នៅស្រុកជើងព្រៃ។

ទាំងលោក ឌិត ទីណា និងលោកបណ្ឌិត ម៉ា ឈឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកុលបុត្របន្តវេណដឹកនាំប្រទេសជាតិនាពេលអនាគត។

លោកបានយកឱកាសនោះ ថ្លែងអំណរគុណ ដល់អតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងកម្លាំងកាយចិត្ត រួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន រហូតទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ មកទល់ថ្ងៃនេះ។

លោកក៏បានអំពាវនាវ ដល់អតីតយុទ្ធជនទាំងអស់ ត្រូវរួបរួមកម្លាំងសាមគ្គីគ្នា ដើម្បីសម្រេចបានសមិទ្ធិផលធំៗបន្ថែមទៀត សម្រាប់ផលប្រយោជន៍មនុស្សជាតិ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយើងផ្ទាល់។ បន្ថែមពីនោះលោកក៏សូមឱ្យបងប្អូនយើង ចេះគោរពស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និងត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឱ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

នៅក្នុងឱកាសនោះលោក ឌិត ទីណា និងលោកបណ្ឌិត ម៉ាឈឿន ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្រិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុវជន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕