(កណ្តាល)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារទទួលបន្ទុកប្រជាការពារស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយអស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាការពារក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ មានឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំទំនប់ធំ សរុប ៨៥១នាក់។

មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី បាននាំពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់រដ្ឋមន្រ្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេស ចំពោះបងប្អូនប្រជាការពារទាំងអស់ ក្នុងស្រុកពញាឮ។

តំណាងរដ្ឋមន្រ្តី បានណែនាំថា ប្រជាការពារ ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយសហគមន៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អប្រសើរជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ។

ទោះបីប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ជាពិសេស ប្រជាការពារ មានតួនាទីស្នូលក្នុងការជួយការពារដំណើការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្រុមការងារបានឧបត្ថម្ភថវិកាលើកទី២ របស់លោករដ្ឋមន្រ្តី ដោយក្នុងម្នាក់ៗទទួលបានចំនួន ៤ម៉ឺនរៀល៕