(កណ្តាល)៖ លោក ម៉ម ប៊ុន នាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋសរុបជាង ២៩៤នាក់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ និងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។

ក្នុងឱកាសនោះដែរលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា ទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ 

ជាមួយគ្នានោះ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ សូមបងប្អូនជឿទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់សែនជំពូក ហើយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេស ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ជាប្រទេសងើបចេញពីជំងឺកូវីដ-១៩លឿនជាងគេ នឹងស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស បើកដំណើរការពេញលេញទាំងសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។

លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តអនុវត្ត និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន អំពើចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានឱ្យកាន់តែប្រសើរ។

ទន្ទឹមនោះដែរ លោក ក៏បានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បី សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

ស្ថិតក្នុងបរិយាកាសដ៏ស្និតស្នាលនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះសរុបចំនួន២៩៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ឧបត្ថម្ភមណ្ឌលសុខភាពឃុំត្រពាំងវែង ថវិកា ៨លានរៀល ចូលបច្ច័យបុណ្យសពប្រជា-ពលរដ្ឋចំនួន ៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០ម៉ឺនរៀល  ដោយចំណាយថវិកាទាំងអស់សរុបចំនួន ១៦, ២០ ០,០០០រៀល(ដប់ប្រាំមួយលាន ពីរសែនរៀល)៕