(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងភរិយា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមជាអធិបតី ក្នុងពិធី​សម្ពោធ​ឆ្លងមហាកុដិ និងសមិទ្ធផលនានា​ក្នុងវត្តសាមគ្គីក្បាលកោះ (ហៅវត្តយក្ស)​ ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានចូលរួមត្រេកអរ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងកើតឡើងនៅពេលនេះក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។ ដូច្នេះសូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត អះអាងថា យើងទាំងអស់គ្នា មានសំណាង ពីព្រោះមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេសមានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយសម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឲ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ។

ជាមួយគ្នានោះ លោកបានចូលជាបច្ច័យ មួយចំនួនរួមមាន៖ ចូលបច្ច័យសម្រាប់កសាង​ ៨លានរៀល, ប្រគេនព្រះសង្ឃ៨អង្គ​ សរុប៤លានរៀល, ឧបត្ថម្ភ​ទូងឈ្មោះ​ មហាសាមគ្គីសែនជ័យ​ ២លានរៀល, ពិធីរាប់បាត្រ និងចំណាយផ្សេង​ ៣លាន២សែនរៀល និងសារុងចំនួន៤០០ ស្មើ៣លាន៦សែន៤មុឺនរៀល៕