(ភ្នំពេញ)៖ ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជនបានជួបប្រជុំគ្នាម្តងទៀតដើម្បី «កំណត់អាយុគ្រឿងស្រវឹង និងទិញស្របច្បាប់អប្បបរមា Legal Purchasing Age (LPA) លទ្ធផលការស្រាវជ្រាវសារាចរ នៃការផ្សព្វផ្សាយ និងការពិភាក្សានូវជំហានបន្ទាប់» ដើម្បីពិភាក្សាអំពីតម្រូវការសម្រាប់ LPA នៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានផ្តួចផ្តើមស្នើការប្រជុំបន្តកិច្ចសន្ទនាជាមួយភាគី និងអង្គភាពពាក់ព័ន្ធ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងក្នុងខែមករាកន្លងទៅនេះ ដែលមានកិច្ចព្រមព្រៀងរួមស្តីពីសារៈសំខាន់នៃ LPA សម្រាប់ប្រទេសកម្ពុជា។
ជាផ្នែកនៃវគ្គសន្ទនាទីពីរ លទ្ធផលការស្រាវជ្រាវរួមគ្នា ដែលធ្វើឡើងដោយ AVI និង MM4A ស្តីពីការយល់ឃើញ ទស្សនៈរបស់យុវជនក្នុងប្រទេសកម្ពុជា លើការកំណត់អាយុទិញគ្រឿងស្រវឹងស្របច្បាប់អប្បបរមា LPA ត្រូវបានដាក់បង្ហាញ និងចែករំលែក។ ឯកសារស្រាវជ្រាវបង្ហាញថា ៨៥ភាគរយ នៃអ្នកដែលបានស្ទង់មតិ មានគាំទ្រដល់កិច្ចចាប់ផ្តើមកំណត់ច្បាប់អាយុទិញគ្រឿងស្រវឹងស្របច្បាប់ LPA នៅក្នុងប្រទេសកម្ពុជា និង៧៣ភាគរយ បញ្ជាក់ថាអាយុស្របច្បាប់គួរតែត្រូវបានកំណត់ចាប់ពីអាយុ១៨ឆ្នាំឡើង។
ការឯកភាពគ្នាក្នុងចំណោមយុវជនកម្ពុជា ដែលត្រូវបានស្ទង់មតិ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភលើបញ្ហា នៃការសេព គ្រឿងស្រវឹងមិនទាន់គ្រប់អាយុ ដោយប្រមាណ៣៣ភាគរយបង្ហាញថា ពួកគេសេពគ្រឿងស្រវឹងឬ ភេសជ្ជៈមានជាតិអាកុលក្រោមអាយុ១៨ឆ្នាំ និងមានករណីខ្លះ ក្មេងដល់អាយុ៦ឆ្នាំ។ លើសពីនេះអត្រា ៦៣ភាគរយបង្ហាញថា ពួកគេបានទិញភេសជ្ជៈមានជាតិអាកុល ក្នុងដេប៉ូតូចៗ និងកន្លែងលក់រាយក្រៅពាណិជ្ជកម្ម (ហាងលក់ទំនិញតូច និងចាប់មួយហួយ)។
យោងតាមស្ថិតិនេះ បានបង្ហាញយ៉ាងជាក់ច្បាស់នូវចន្លោះបញ្ហា មួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នដោយយុវជនមាន ភាពងាយស្រួលក្នុងការទិញគ្រឿស្រវឹង និងភេសជ្ជៈមានជាតិអាល់កុល។ វិស័យឯកជននៅក្នុងប្រទេសកម្ពុជា រួមទាំងអ្នកផលិតស្រាបៀរ និងភេសជ្ជៈមានអាកុល អ្នកចែកចាយ អ្នកលក់រាយ ក៏ដូចជាវិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតជាសាធារណៈ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារយុវជន ដែលមានអាយុក្រោម១៨ឆ្នាំ ពីការសេពភេសជ្ជៈមានជាតិស្រវឹង។
ក្នុងឱកាសនោះ លោក ផាន អូន បានសង្កត់ធ្ងន់ថា «ថ្ងៃនេះជាសិក្ខាសាលា សិក្ខាសាលាថ្ងៃនេះគឺជាការ ចែករំលែក និងពិភាក្សាដ៏អស្ចារ្យនាំឲ្យមានការពង្រឹង និងឯកភាព យ៉ាងមុតមាំក្នុងច្បាប់អនុក្រឹត្យអាយុទិញគ្រឿស្រវឹងស្របច្បាប់អប្បបរមា LPA សម្រាប់ប្រទេសកម្ពុជា ជាមួយអាយុដ៏សមស្របមួយ ក្នុងទម្រង់ជាឯកសារច្បាប់»។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តនេះ ហើយមានក្តីសោមនស្សរីករាយក្នុងការដឹកនាំ លើសេចក្តីព្រាងអនុក្រឹត្យ រៀបចំកិច្ចប្រជុំនក្រសួងដែលមានពាក់ព័ន្ធ និងសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងការការពារអនីតិជនពីការសេពគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិអាកុល៕