(រតនគិរី)៖ លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី និងមន្ដ្រីសម្របសម្រួលរបស់ខ្លួនពីររូបទៀត ឈ្មោះ ញ៉ឺល ភាព និងឈ្មោះ ថាញ់ ហាច បានសរសេរលិខិត និងសារជាវីដេអូចេញពីពន្ធនាគារ ដោយអំពាវនាវដល់សមាជិក សមាជិការបស់សមាគម ដែលកំពុងប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញ ក្នុងគោលដៅស្នើសុំឲ្យមានការដោះលែងពួកគេនោះ សូមរំសាយសកម្មភាព ហើយត្រូវវិលត្រឡប់ទៅផ្ទះវិញ។

លោក ថេង សាវឿន និងមន្ដ្រីសម្របសម្រួលដែលកំពុងជាប់ពន្ធនាគារ បានបញ្ជាក់ដូចៗគ្នាថា «ពួកខ្ញុំទាំង៣នាក់សូមធ្វើការអំពាវនាវដល់សមាជិក សមាជិកា ដែលកំពុងប្រមូលផ្ដុំតវ៉ា នៅរាជធានីភ្នំពេញ សូមរំសាយគ្នា និងវិលត្រឡប់ទៅផ្ទះនៅតាមសហគមន៍រៀងខ្លួនវិញ ដើម្បីចូលរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម ជាមួយការថែរក្សាសុខភាពបងប្អូនផងដែរ»។

លោក ថេង សាវឿន បានលើកឡើងទៀតថា ពួកគេទាំង៣នាក់ កំពុងធ្វើការសហការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង ដោយសន្ដិវិធី និងផ្លូវច្បាប់ជាមួយស្ថាប័នតុលាការ។ ផ្ទុយទៅវិញ ប្រសិនបើសមាជិក សមាជិកានៅបន្ដប្រមូលផ្ដុំគ្នាតវ៉ា ដែលជាសកម្មភាពខុសច្បាប់រឹតតែជាការដាក់បន្ទុកបន្ថែមដល់ពួកគេ៕

ខាងក្រោមនេះ ជាវីដេអូអំពាវនាវរបស់ពួកគេទាំង៣នាក់៖