(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៥ ប្រវែងជាង ៣០គីឡូម៉ែត្រ ចន្លោះពីគ.ម៤៩+០០០ ដល់គ.ម៧៩+៥០០ (រវៀង-ភ្នំដែក) ដែលរងការខូចខាតចំនួន ៦០កន្លែងនាពេលកន្លងមក ពេលនេះត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចាប់ផ្តើមធ្វើការជួសជុលឡើងវិញជាបន្ទាប់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះថា៖ «កំណាត់ផ្លុវជាតិលេខ៩៥នេះ បានកសាងឡើងក្នុងអំឡុងឆ្នាំ២០០៥ ជាកម្រោងទ្រីប ដែលមានទទឹងជាង៥ម៉ែត្រ គិតមកដល់ថ្ងៃនេះអាយុកាលផ្លូវនេះ គឺជិត២០ឆ្នាំហើយ»។

លោកប្រធានមន្ទីរបានបញ្ជាក់ថា «ផ្លូវជាតិលេខ៩៥នេះ គឺដល់អាយុត្រូវខូចខាតហើយ ប៉ុន្តែកន្លងមកដោយសារយើងធ្វើការថែទាំជាប្រចាំទើបផ្លូវនេះអាចប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែ ដើម្បីឱ្យផ្លូវនេះអាចប្រើប្រាស់ដោយស្រួលឡើងវិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើធ្វើការជួសជុលផ្លូវនេះឡើងវិញហើយ។ អាយុកាលនៃផ្លូវ មិនខុសពីអាយុកាលនៃមនុស្សយើងទេ តែដល់វល់វ័យចាស់ជរាហើយ គឺត្រូវការជួសជុល ថែទាំ ព្យាបាលហើយ មិនដូចអ្វើដែលយើងទើបនឹងធ្វើ ឬក៏ដូចដែលយើងនៅពីក្មេងនោះទេ»

លោក សំ លាងទ្រី លើកឡើងថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ មិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដែលជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់កំណត់៕