(ព្រៃវែង)៖ ភ្លៀងខ្យល់លាយឡំ និងបង្កឱ្យមានរន្ទះបាញ់បុរសវ័យសំណាស់ម្នាក់ ឱ្យស្លាប់ ខណៈដែលជនរងគ្រោះទៅយកគោចងនៅវាលស្រែក្បែរភូមិ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងកើតភូមិមេលប់ ប្រហែល៤០០ម៉ែត្រ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ពៅ ភេទ ប្រុស អាយុ៤៨ឆ្នាំ។ នៅមុនពេលកើតហេតុមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ខណៈនោះជនរងគ្រោះបានទៅយកគោនៅឯវាលស្រែក្បែរភូមិស្រាប់តែត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលវាលស្រែតែម្ដង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិមកចោមរោមមើល និងជួយសង្គ្រោះដែរ តែជាអកុសលបានដាច់ខ្យល់ស្លាប់ទៅហើយ។

បច្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។ អាជ្ញាធរស្រុកពារាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន នៅពេលមានភ្លៀង ផ្គរ រន្ទះ កុំចេញទៅវាលស្រែ ឬជ្រកក្រោមដើមឈើ និងមួយទៀតបិទគ្រឿងអេឡិចត្រូនិក ដែលមានជាតិវិទ្យុសកម្ម ដើម្បីការពាររាល់ហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុ៕