(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានក្រុមការងារចុះជួយសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់កម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការក្រើនរំលឹកបែបនេះ របស់ប្រធានក្រុមការងារចុះជួយសង្កាត់រកាធំ បានធ្វើឡើង​នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសលោករួមជាមួយលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ បានចុះជូបសំណេះសំណាលជាមួយកម្មករ-កម្មារិនីចំនួន ១,៣០០នាក់ ដែលមានទីលំនៅក្នុងសង្កាត់រកាធំ ។

នាឱកាសនោះដែរ ប្រធានក្រុមការងារចុះជួយសង្កាត់រកាធំ បានលើកឡើងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់បំផុតចំពោះបង កូនក្មួយ ជាកម្មករ-កម្មារិនី តាមបណ្តារោងចក្រទូទាំងប្រទេស។ ដោយឡែកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក៏ទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា។

លោកបានរំលឹកថា រាជរដ្ឋាភិបាលបានកំណត់ប្រាក់ស្នួលអប្បរមាឆ្នាំ២០២៣ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពការងារ ដែលទាំងនេះបានធ្វើឱ្យបងប្អូន កូនក្មួយទទួលបានឧត្តមប្រយោជន៍ដ៏ធំធេង សម្រាប់ប្រាក់ចំណូលជីវភាពប្រចាំថ្ងៃក្នុងការរស់នៅរបស់គ្រួសារ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានសង្កត់ធ្ងន់ថា ទោះបីជាកម្មករ-កម្មារិនី រវល់យ៉ាងណា គឺត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីឱ្យមានការដឹកនាំរាជរដ្ឋាភិបាលដ៏មានសន្តិភាព និងមានសក្តានុពលសេដ្ឋកិច្ចរុងរឿង ជឿនលឿនដូចសព្វថ្ងៃ និងសេដ្ឋកិច្ចបន្តកើនឡើងស្មើមុខ ស្មើមាត់ជាអន្តរជាតិ។

លោក ចឹក បូរិន បានលើកឡើងថា សម្រាប់កម្មករ និយោជិក ផ្នែកវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើង ផលិតផលធ្វើដំណើរ ការបូបសម្រាប់ឆ្នាំ២០២៣ ដែលប្រាក់ឈ្នួលអប្បរមាថ្មី ២០០ដុល្លារ ក្នុងមួយខែសម្រាប់កម្មករពេញសិទ្ធិ និង ១៩៨ដុល្លារ សម្រាប់កម្មករសាកល្បង៕