(កំពង់ចាម)៖ រយៈពេលថ្ងៃទី២ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៃសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ចំនួន ៦,៤៥៤នាក់ ដោយការជួបជុំនេះធ្វើឡើងនៅ សាលប្រជុំ សួនក្រញូង ស្ថិតភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្ស CPP ខេត្តកំពង់ចាម បានស្នើដល់ក្រុមការងារចុះជួយក្រុងកំពង់ចាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់នូវកិច្ចការ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អរឹងមាំ និងខិតខំរក្សាបរិយាកាស សេរីត្រឹមត្រូវ គ្មានការគំរាមកំហែង និងរក្សាសុវត្ថិភាពក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧។

លោក អ៊ុន ចាន់ដា បានណែនាំត្រូវបន្តខិតខំដោះស្រាយបញ្ហានានានៅមូលដ្ឋានដូចជា កម្មករ និយោជិក អាជីវករ និងអ្នកប្រកបមុខរបរសេវាកម្មផ្សេងៗទៀត ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយគ្នានេះដែរ ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម និងសាខាបក្សគ្រប់ថ្នាក់ត្រូវក្តាប់ឱ្យជាប់នូវការផ្ដាជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺខិតខំរក្សាភាពឈ្នះ និងបន្តពង្រីកភាពឈ្នះសំឡេងគាំទ្រឱ្យបាន ៩៥% ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីធានាតួនាទីដឹកនាំ ដ៏រឹងមាំរបស់គណបក្ស។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ គឺពោរពេញទៅដោយក្តីរីករាយ និងក្តីសង្ឃឹម ព្រោះថាការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ដោយមានអ្នកពាក់ម៉ាស់តិចតួចប៉ុណ្ណោះ និងក្តីសង្ឃឹមមួយទៀត គឺយើងទាំងអស់គ្នា និងឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រីបានបន្តថា ការជួបជុំនាពេលនេះផងដែរ គឺក្នុងគោលបំណងចង់ឱ្យថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រធាន-អនុប្រធានក្រុម ជ្រួតជ្រាបឱ្យបានច្បាស់ នៃការកំណត់គោលនយោបាយរបស់បក្ស និងផែនការសកម្មភាពរបស់គណបក្សប្រជាជនខេត្តកំពង់ចាម ដែលដំណើរកាបានរជោគជ័យល្អប្រសើររួចហើយ និងបន្តដំណើរការជោគជ័យនេះបន្តទៅទៀ តាមរយៈវេទិកាសាធារណៈ ដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕