(ភ្នំពេញ)៖ សាកលវិទ្យាល័យជនជាតិតំបន់ពាយព្យនៃចិន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជា, គណៈកម្មាធិការកិច្ចការជនជាតិនៃប្រទេសចិន និងក្រសួងវប្បធម៌និងសិល្បៈនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ខែឧសភា បានរៀបចំកម្មវិធីសម្ដែងសិល្បៈ «ភាពសម្បូរបែបនៃចិនសម្រាប់ឆ្នាំមិត្តភាពចិន-កម្ពុជា» ឆ្នាំ២០២៣ នៅសាលមហោស្រពចេនឡារាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុវស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូតរវាងចិន និងកម្ពុជា។

កម្មវិធីសម្ដែងសិល្បៈនេះ បានរៀបចំឡើង ក្រោមវត្តមាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងលោកជំទាវ Gu Xiaojun, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃកម្ពុជា, លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា, លោក ឡាវ ម៉េងឃីន ប្រធានកិត្តិយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, លោក Zhang Junhao លេខាធិការបក្សនៃសាកលវិទ្យាល័យជនជាតិតំបន់ពាយព្យនៃចិន និងមានការចូលរួមពីទស្សនិកជនដែលមានចំនួនសរុប ៦០០ នាក់។

កម្មវិធីសម្តែងខាងលើនេះ បានបង្ហាញពីវប្បធម៌និងការរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅចិនដោយតាមរយៈរបាំនិងចម្រៀង ហើយក៏មានការអញ្ជើញសិល្បករ សិល្បការិនី មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ដោយបានពាំនាំនូវការសម្តែងរបាំប្រពៃណីនិងសៀក។

លោក ឯក ស៊ីដេ ដែលជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា និងលោកស្រី Cao Xi នៃសាកលវិទ្យាល័យជនជាតិតំបន់ពាយព្យនៃចិន បានរួមគ្នាបកស្រាយបទចម្រៀងដែលមានចំណងជើងថា «ពាក្យសច្ចាពណ៌មាស» សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ក៏ទទួលបានការពេញចិត្តនិងសាទរយ៉ាងខ្លាំងពីអង្គពិធី។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃសាកលវិទ្យាល័យជនជាតិតំបន់ពាយព្យនៃចិនដែលបានមកទស្សនកិច្ច និងសម្តែងសិល្បៈនៅលើទឹកដីប្រទេសកម្ពុជា ដែលជាការសម្តែងលើកដំបូងរបស់ក្រុមសីល្បៈករចិនចាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីបន្តថា កម្ពុជា និងចិន គឺជាប្រទេសដែលមានទំនាក់ទំនងល្អជាគ្នាតាំងពីយូរណាស់មកហើយ មិនមែនត្រឹមតែ៦៥ឆ្នាំនេះនោះទេ។

សូមជម្រាបថា «ភាពសម្បូរបែបនៃចិន» គឺជាក្រុមសិល្បៈដែលបានរួមបញ្ចូលគ្នារវាងរបាំជនជាតិភាគតិចនិងតន្ត្រី ដើម្បីបង្ហាញយ៉ាងទូលំទូលាយពីវប្បធម៌សម្លៀកបំពាក់ជនជាតិដ៏ច្រើនបែបនិងចម្រុះពណ៌នៅក្នុងប្រទេសចិន។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ក្រុមសម្ដែងខាងលើបានធ្វើដំណើរទៅកាន់ជាង៤០ ប្រទេសនិងតំបន់នៅជុំវិញពិភពលោក បានទាក់ទាញទស្សនិកជនជាងមួយលាននាក់៕