(ព្រៃវែង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ ដូចនេះ សូមប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន និងមិនដែលរត់ចោលប្រជាជនម្តងណាឡើយ។

ការថ្លែងបែបនេះរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តកំពង់សិសា ស្ថិតនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងវត្តកំពង់សិលា ឱ្យបានគង់វង្សយូរអង្វែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា សមិទ្ធផលនៅក្នុងវត្តកំពង់សាលានេះ ចំណាយថវិកាសាងសង់អស់ ៩៤ម៉ឺនដុល្លារ ក្រោមទឹកចិត្ត សទ្ធាដ៏ជ្រះថ្លារបស់ ព្រះគ្រូសោភ័ណមុនី ឃឿន រ៉ាន ចៅអធិការវត្តកំពង់សាលា ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅថារី ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយទើបកើតនូវសមិទ្ធផលព្រះពុទ្ធសាសនាថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងខេត្តព្រៃវែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរុងរឿង មានមោទនភាពជាតិ និងកិត្យានុភាពទាំងក្នុងតំបន់ និងអន្ដរជាតិ។

សមិទ្ធផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួប ជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ ការរស់ឡើងវិញនេះ គឺប្រាកដណាស់ ដោយតែគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕