(តាកែវ)៖ ក្រុមបណ្ដុំយុវជនអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាសាធារណៈនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមប្រធានបទ «យេីងរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ ដេីម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»

ក្នុងវេទិកានោះ មានការចូលរួមពី លោក ឌឹម គឹមសាន អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣០០នាក់ផងដែរ។

ក្រុមយុវជនអង្គការសង្គមស៊ីវិល ដែលធ្លាប់ចូលរួមគាំទ្រសកម្មភាពនយោបាយដឹកនាំដោយ លោក សម រង្ស៉ី នោះ បានលើកឡើងថា ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាសង្គមនយោបាយ កន្លងទៅ និងពេលបច្ចុប្បន្ន  ពួកគេសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូ ចតែងតែរិះរកយុទ្ធសាស្ត្រធ្វើឱ្យខុសសីលធម៌សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិ និងលេីឆាកអន្តរជាតិ ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានលើកឡើងថា ជាក់ស្តែងមានមេដឹកនាំប្រឆាំងម្នាក់ ដែលជាអតីតមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ជាតិសាសន៍ លាបពណ៌ ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យមានការរើសអើងពូជសាសន៍ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតបំភាន់ភ្នែកមហាជនជាតិ-អន្តរជាតិ ឲ្យមើលងាយជាតិសាសន៍ខ្លួនឯង បង្កើតជាបញ្ហាផ្សេងៗមិនចេះចប់មិនចេះអស់ ដូចបងប្អូនបានឃេីញស្រាប់។

លោកបានលើកឡេីងទៀតថា នយោបាយមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ គឺរាប់សិបឆ្នាំមកហេីយ មិនដែលបានផ្តល់ផលចំណេញជូនជាតិ និងប្រជាជនខ្លួននោះទេ គឺមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗ ហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ដែលមិនអាចជួយបង្រួបបង្រួមជាតិ និងសង្គមកម្ពុជាឡើយ។

លោកបានបន្ថែមថា អ្នកនយោបាយពុតត្បុត ដែលធ្វេីឲ្យប្រជាជនខ្មែររងគ្រោះ គឺការធ្វេីសកម្មភាពខុសច្បាប់ ដោយសារតែមនោគមន៍វិជ្ជាខ្មៅកខ្វក់ជ្រុលនិយម។ តែជាសំណាងល្អដោយសារប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានដឹងខ្លួន ហេីយដកខ្លួនចេញ ក្រោយពីបានដឹងអំពីគោលនយោបាយខ្មៅកខ្វក់របស់មេដឹកនាំឧទ្ទាមក្រៅប្រទេសមួយនេះ។

ជាមួយគ្នានោះ ក្រុមយុវជនក៏បានលេីកឡេីងផងដែរ នូវការខិតខំប្រឹងប្រែង  អស់ពីរកម្លាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសជូនជាតិ និងប្រជាជន ហេីយខិតខំអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានការរីកចំរេីនពាសពេញ  ពិសេសបំផុតថែមទៀតនោះ គឺការស្រោចស្រង់ អាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩  ដោយសម្តេចបានស្វះស្វែងរកវ៉ាក់សុំាងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតលុយ ថែមទៀត ដូច្នេះហេីយមានតែសម្តេចទេ ដែលស័ក្តសមក្នុងការដឹកនាំប្រទេស។

ជាចុងក្រោយ បណ្តាញក្រុមយុវជនអង្គការសង្គមស៊ីវិល ក៏ធ្វេីការសូមសំណូមពរ ដល់បងប្អូនអ៊ំពូមីង និងយុវជនយេីងទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយខ្មៅកខ្វក់នេះចេញពីកម្ពុជា ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ កម្ពុជារបស់យេីង និងឈប់គាំទ្រអ្នកនយោបាយរត់ចោលស្រុកមួយនោះតទៅទៀត ពោលត្រូវរួមគ្នាធ្វើយ៉ាងណាអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ក្រោមម្លប់សន្ដិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕