(ត្បូងឃ្មុំ)៖ លោក រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានៃអគ្គនាយនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤x៦ម៉ែត្រ ជូនជនពិការភ្នែកទាំង២ឈ្មោះ ឡុង តូច រស់នៅភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ឹម សុធន រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច សាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ លោក រឿន រិទ្ធីរ័ត្ន មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានលោក វង សូត ជារដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយនានាដូចជាការឧបត្ថម្ភសាច់ប្រាក់ ការផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងការគាំពារនានាដល់ប្រជាពលរដ្ឋក្រីក្រ។

លោកបន្តថា សម្រាប់ផ្ទះ១ខ្នងនេះ គឺប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ។

តាមរយៈផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនពិការក្រីក្រ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

លោក ក៏បានផ្ដាំផ្ញើដល់គ្រួសារជនពិការ សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ បន្ថែមលើពីនេះសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានចូលរួមជាអំណោយមួយចំនួនរួមមាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សាប៊ូ និងខ្នើយ ដល់គ្រួសារជនពិការផងដែរ៕