(បាត់ដំបង)៖ មេដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំក្រុងបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន និងប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស។
មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងរូបនេះ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធចោលបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន សម្រាប់ឈរឈ្មោះបោះឆ្នាតនីតីកាលទី៧ផងដែរ។
លោក យួម ដូង មានតួនាទីជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនក្រុងបាត់ដំបង បានស្នើសុំសម្តេចតជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញថាបក្សរបស់ខ្លួនមិនមានមេដឹកនាំល្អ និងត្រឹមត្រូវ ដែលធ្វើឲ្យថ្នាក់ក្រោមអស់សង្ឃឹម មិនអាចរស់នៅជាមួយទៀតបាន។
លោក យួម ដូង បានបញ្ជាក់ថា «ខ្ញុំប្រកាសលាឈប់ពីគណបក្សភ្លើងទៀនចាប់ពីយប់នេះតទៅ មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ហើយសូមប្រកាសនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធបណ្តឹងរបស់គណបក្សភ្លើងទៀន និងចាត់ទុកការសម្រេចរបស់ គ.ជ.ប បានការដដែល។ ខ្ញុំសូមអំពាវនាវដល់សមាជិកសមាជិកាគណបក្សភ្លើងទៀនទាំងអស់ មកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជាមួយខ្ញុំផងដែរ»។
គួរជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលបណ្តឹងតវ៉ារបស់បក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំង២នេះត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
មុនការបោះឆ្នោតនីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គេសង្កេតឃើញថាមេដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនជាច្រើននាក់ បានសម្រុកដើរចេញពីបក្សរបស់ខ្លួន ហើយសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយសម្លឹងឃើញបក្សរបស់ខ្លួន មិនមានមេដឹកនាំពិតប្រាកដ រចនាសម្ព័ន្ធច្បាស់លាស់ និងបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេមិនអាចនៅតស៊ូជាមួយទៀតបាន៕