(បាត់ដំបង)៖ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ៣០នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះ មានបេក្ខជន៤នាក់ ជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ កាលពីឆ្នាំ២០២២។
ការប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមទទួល ពីលោក ស្រេង សុខា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង។
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ៣០នាក់ នៅស្រុកបាណន់ ដែលទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានឡើងមានមតិប្តេជ្ញាចិត្ត រួមមាន៖
*ទី១៖ ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកម្មវិធីនយោបាយរបស់គណបក្ស និងគោលការណ៍នានារបស់គណបក្សដែលបានដាក់ចេញ
*ទី២៖ ពង្រឹងឆន្ទៈយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើគណបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់
*ទី៣៖ ចូលរួមនៅក្នុងសកម្មភាព ការងារសង្គម និងការងារមនុស្សធម៌ ដែលបម្រើផលប្រយោជន៍រួមនៅក្នុងមូលដ្ឋាន
*ទី៤៖ ចូលរួមការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
*ទី៥៖ ចូលរួមការពារមាតុមាតុប្រទេស និងថែរក្សាសមិទ្ធផលរបស់សង្គមជាតិ ដែលមានស្រាប់ឲ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ។
លោក ស្រេង សុខា បានបញ្ជាក់ថា គណបក្សប្រជាជនមិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ យើងទទួលយកបងប្អូនមកពីគ្រប់គណបក្សនយោបាយ ដែលចង់ចូលរួមរស់ជីវភាព ជាមួយគណបក្ស ប្រជាជន ជាពិសេស ក្រោមការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតីកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា៕