(ក្រចេះ)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបែបនេះ របស់សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះ រួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ-ក្រោយ, ដងទង់, កុដ្ឋ, បន្ទប់ទឹក, រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត, លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិក ជាច្រើននាក់ទៀត ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងផងដែរថា រាល់សមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នា ទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ-ឈ្នះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចជំរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូប ក៏គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បីកសាងសមិទ្ធផល ក្នុងវត្តមហាកំពែងរាជកំពូលពេជ្រនេះ។

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជាលំដាប់៕