(ត្បូងឃ្មុំ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៣០នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធ គ្រូពេទ្យស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋចំនួន៣,១៩០អង្គ/នាក់ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កន្ទួត ស្ថិតក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ, លោក ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានស.ស.យ.ក.ខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងស.ស.យ.ក ខេត្តត្បូងឃ្មុំ។

ប្រភេទជំងឺដែលបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងឱកាសនោះ រួមមាន ជំងឺទូទៅ ជំងឺមនុស្សចាស់ រោគកុមារ រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត ជំងឺទឹកនោមផ្អែម និងតម្រងនោម ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក និងបំពង់ក បំពាក់ឧបករណ៍ត្រចៀកជូនអ្នកជំងឺគ ថ្លង់ និងមានបញ្ហាស្តាប់ វះកាត់តូច និងរោគសន្លាក់ ជំងឺសើស្បែក និងកាមរោគ ជំងឺមាត់-ធ្មេញ មន្ទីរពិសោធន៍ចល័ត អប់រំសុខភាពសាធារណ: ជំងឺបេះដូង និងសរសៃឈាម។

ជាមួយគ្នានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលអញ្ជើញមកពីស្រុកតំបែរ និងស្រុកមេមត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហ៊ុន ម៉ានី ដែលបានចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលសុទ្ធតែជាពេទ្យជំនាញមានវិជ្ជាជីវ:ត្រឹមត្រូវច្បាស់លាស់ មានសំដីសុភាពរាបសារ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយ៉ាល ឆ្ងាយពីសេវាសុខាភិបាល។ ប្រជាពលរដ្ឋទាំងអស់ បានសំណូមពរសូមឲ្យមានសេវានៃការព្យាបាលដូចនេះ ឲ្យបានទៀងទាត់ដើម្បីពួកគាត់បានតាមដានសុខភាព និងលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ជូនថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ដោយលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដោយចាប់តាំងពីថ្ងៃបង្កើតមក ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានចុះយ៉ាងសស្រាក់សស្រាំក្នុងបេសកកម្មការងារមនុស្សធម៌នៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស។

ជាពិសេសក្នុងដំណាក់កាល នៃការរីករាតត្បាតនៃជំងឺកូវីដ១៩ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៣,២៧៦នាក់ បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះ ១,០១៧នាក់ ចូលរួមក្នុងការព្យាបាលនៅមណ្ឌលព្យាបាលកូវីដ១៩ កម្រិតធ្ងន់ដឺព្រីមែរសែនសុខ និងពហុកីឡដ្ឋានអូឡាំពិក និងមណ្ឌលព្យាបាលកូវីដ១៩កម្រិតស្រាល សែនសុខ១ ដោយឡែកក្រុមគ្រូពេទ្យ ២,២៥៩នាក់ទៀត បានចុះទៅគ្រប់រាជធានីខេត្ត ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋតាមលំនៅដ្ឋានតែម្តង៕