(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា សមិទ្ធផលជាច្រើនក្នុងទីអារាម បានបង្ហាញពីសក្ខីភាពដ៏ពិតប្រាកដមួយដែលបានកើតឡើង ក្រោមម្លប់សុខសន្តិភាពពេញលេញ ដែលដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់ និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាម។

លោកអភិបាលខេត្តបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការព្រះនាម ឈុន សុមនី វជីរប្បញ្ញោ ឱ្យឡើងជាព្រះគ្រូ ធម្មានុរ័ក្ខវង្សា គណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តជ័យមង្គល ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កកណ្ដាល កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកអភិបាលខេត្តថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ពិតជាមានទំនាក់ទំនងគ្នាល្អណាស់ ក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ពិសេសផ្ដោតសំខាន់ទៅលើការអប់រំព្រះធម៌ និងជួយបំពេញចន្លោះបន្ថែម សំដៅឆ្ពិះទៅកាន់ការកសាង សង្គមមួយប្រកបដោយធនធានមនុស្សមានបញ្ញាញាណខ្ពស់ មានក្រមសិលធម៌ មានសុជីវធម៌ គុណធម៌ មេត្តាធម៌ ដែលស្របតាមឱវាទរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើង។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកកៀនស្វាយ ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាន នូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា៕