(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សមាជិក សមាជិកាសាខា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ កាលពីពេលកន្លងទៅថ្មីៗនេះ។

លោក ងួន រតន: បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន បានលើកឡើងថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ដោយអត់ស្បៀងអាហារនោះឡើយ)។

លោក ងួន រតនៈ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្រ្តាក់ និងបាតុភូតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។ លោកបន្តថា ទន្ទឹម និងការខិតខំប្រឹងប្រែង រកទទួលទាននេះ សូមបងប្អូនត្រូវបង្កើននូវការប្រុងប្រយ័ត្នចំពោះការបាក់ស្រុត និងត្រូវរោះរើសម្ភារៈប្រើប្រាស់មកទុកនៅកន្លែងដែលមានសុវត្ថិភាព។

លើសពីនេះទៅទៀត លោកក៏សូមបងប្អូន ប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឲ្យទៅជិតកន្លែងបាក់ស្រុតជាពិសេសការហូបចុកប្រចាំថ្ងៃ ត្រូវតែមានអនាម័យជាប្រចាំ។ បន្ថែមលើសពីនេះទៅទៀត បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដែលនៅជិតបំផុតនៅពេលមានបញ្ហាដើម្បីឲ្យពួកជួយបងប្អូនទាន់ពេលវាលាផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូន១៩គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ កន្ទេល១ មុង១ ភួយ១ តង់១ និងថវិកាមួយចំនួនផងដែរ៕