(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា​ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាកទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានដាក់ផែនការផលិត និងផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋនៅរាជធានីភ្នំពេញឱ្យជាង ២៤៥លានម៉ែត្រគូប នៅឆ្នាំ២០២៣ ជាមួយនឹងការតបណ្តាញចែកចាយថ្មីបន្ថែមប្រវែង ៤៦២គីឡូម៉ែត្រ និងបណ្តាញអតិថិជនថ្មីចំនួន ៣៦០០០បណ្តាញ។

លោក ស៊ឹម ស៊ីថា ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

​លោកបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិតទឹកស្អាតបានជាង ២៣៩លានម៉ែត្រគូប និងពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបាន ៤១១គីឡូម៉ែត្រ និងបង្កើនចំនួនអតិថិជនថ្មីបានចំនួន ២ ៣៨០០ បណ្តាញ ក្នុងនោះអតិថិជនដែលមានចំណូលទាប មានចំនួន ១ ៤៤៧ គ្រួសារ។

លោកបន្តថា ក្នុងឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ៣៤៦ពាន់លានរៀល ឬប្រមាណជាង៨៤លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញ (ចំណេញក្រោយបង់ពន្ធ) ចំនួនជាង១០៨ពាន់លានរៀល ឬប្រមាណជាង ២៦លានដុល្លារអាមេរិក​​។

លោកបន្ថែមថា ​ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានសម្រេចរក្សាទុកប្រាក់ចំណេញចំនួនជាង ៩៣ពាន់លានរៀលឬប្រមាណជាង ២២លានដុល្លារអាមេរិក និងភាគលាភសរុបដែលត្រូវបែងចែកមានទឹកប្រាក់ចំនួនជាង ២៨ពាន់លានរៀល ស្មើនឹងជិត៧លានដុល្លារ សម្រាប់បែងចែកភាគហ៊ុននិក។ ភាគលាភនេះនឹងត្រូវបែងចែកជាសាច់ប្រាក់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់៣៣០រៀលក្នុងមួយភាគហ៊ុន កើនឡើង២០រៀល បើធៀបនឹងឆ្នាំ២០២១ ដែលមានតែ៣១០រៀល ក្នុងមួយភាគហ៊ុន។ កំណើនភាគលាភនេះឆ្លុះបញ្ចាំងពីចីរភាពប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ។ ​

បើតាមលោក ស៊ឹម ស៊ីថា ដើម្បីបន្តចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅទី៦ ស្តីពី «ទឹកស្អាត និងអនាម័យ» នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត១០០% នៅឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រ​សួងអាណាព្យាបាលទាំងពីរ គឺក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរអភិវឌ្ឍន៍ ដើម្បីឈានទៅអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ៤បន្ថែមទៀត គឺគម្រោងសាងសង់រោងចក្រទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតរោងចក្រភូមិព្រែក ពី១៥ម៉ឺនម៉ែត្រគូបទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំ​ហ៊ានទី៣ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវការផ្គត់ផ្គង់ទឹកស្អាតនៅភាគខាងកើត និងខាងត្បូងរាជធានីភ្នំពេញ​៕